កំណើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសអាស៊ាន កើនឡើងតិចតួចក្នុងត្រីមាសដំបូង ឆ្នាំ២០២៣
បាងកក៖ កំណើនសេដ្ឋកិច្ចក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលសំខាន់ៗមួយចំនួនបានកើនឡើងតិចតួចប៉ុណ្ណោះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ដែលបញ្ហាចម្បង នោះគឺដោយសារការនាំចេញយឺតទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុប។
ផលិតផលក្នុងស្រុកសរុប (GDP) របស់សិង្ហបុរីបានកើនឡើងត្រឹមតែ ០.១ភាគរយនៅក្នុងត្រីមាសខែមករា ដល់ខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាកំណើនក្នុងត្រីមាសមុនគឺ២.១ភាគរយ។ វិស័យផលិតកម្មរបស់សិង្ហបុរីបានធ្លាក់ចុះ ដោយសារការនាំចេញឧបករណ៍អេឡិចត្រូនិកទៅកាន់សហរដ្ឋអាមេរិក បណ្តាប្រទេសនៅអឺរ៉ុប និងចិននៅតែមានកម្រិតទាប។
រីឯសេដ្ឋកិច្ចរបស់វៀតណាម បានកើនឡើង៣.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែល្បឿននៃការកើនឡើងហាក់មានភាពយឺតយ៉ាវ បើធៀបទៅនឹងត្រីមាសមុន។ ការធ្លាក់ចុះនៃការនាំចេញទូរស័ព្ទចល័ត និងទំនិញពាក់ព័ន្ធ គឺជាមូលហេតុចម្បង។ ទន្ទឹមគ្នា រដ្ឋាភិបាលវៀតណាមកំពុងពិចារណាកាត់បន្ថយពន្ធលើតម្លៃបន្ថែមជាបណ្តោះអាសន្ន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ចំណែកសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ បានបង្ហាញពីកំណើន៥ភាគរយ ដោយតួលេខនេះមិនមានការប្រែប្រួលទេ បើធៀបនឹងត្រីមាសមុន។ គួរកត់សម្គាល់ថា តម្រូវការនាំចេញពីប្រទេសអាស៊ានបាននឹងកំពុងធ្លាក់ចុះ ដោយសារសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុបបន្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់អតិផរណា៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា
