កូរ៉េខាងត្បូង ធ្វើសមយុទ្ធត្រៀមខ្លួនការពារនឹងការវាយប្រហារតាមដែនអាកាសស៊ីវិល ចំពេលមានការគំរាមកំហែងពីកូរ៉េខាងជើង

សេអ៊ូល៖ សមយុទ្ធការពារការវាយប្រហារតាមដែនអាកាសស៊ីវិលទូទាំងប្រទេស នៅតាមស្ថាប័នសាធារណៈ និងសាលារៀនរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើឡើងសារជាថ្មី នៅថ្ងៃទី១៦ ខែឧសភា បន្ទាប់ពីផ្អាកអស់រយៈពេល៦ឆ្នាំ ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីកូរ៉េខាងជើង។

មន្ត្រីទូទៅ និងសិស្សសាលាត្រូវបានបង្រៀនពីរបៀបធ្វើសកម្មភាពការពារខ្លួន ក្នុងករណីមានការវាយប្រហារតាមដែនអាកាស ហើយត្រូវបានផ្តល់ការបណ្តុះបណ្តាលពីការរក្សាសុវត្ថិភាព រួមទាំងការធ្វើសមយុទ្ធសង្គ្រោះនៅពេលមានបញ្ហាពាក់ព័ន្ធនឹងបេះដូង ក៏ដូចជាការប្រើប្រាស់ស្រោមមុខការពារឧស្ម័នឱ្យបានត្រឹមត្រូវ។

អ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត អ្នកស្រី Won-gyeong Woo អាយុ៦១ឆ្នាំ បាននិយាយយ៉ាងដូច្នេះថា ថ្ងៃនេះយើងកំពុងធ្វើការបណ្តុះបណ្តាលផ្នែកការពារជនស៊ីវិល ដោយសារប្រទេសយើងមិនទាន់មានសុវត្ថិភាពនៅឡើយទេ ដូចដែលយើងបានឃើញមានខ្សែបន្ទាត់ព្រំដែនយោធា ហើយថា ផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះក៏ដើម្បីអប់រំវិធីការពារខ្លួនផងដែរ។

អ្នកស្រីបន្ថែមថា យើងត្រូវបង្រៀនក្មេងៗអំពីវិធីដឹង ថាតើនរណាម្នាក់សន្លប់ឬអត់, វិធីពិនិត្យមើលថាតើនរណាម្នាក់កំពុងដកដង្ហើមឬអត់ និងវិធីដែលពួកគេអាចជួយសង្គ្រោះជីវិតមនុស្សបាន។

អ្នកស្រីថា វិធីទាំងនេះ នឹងមិនពិបាក ឬគួរឱ្យខ្លាចសម្រាប់ពួកគេនោះទេ ប្រសិនបើនរណាម្នាក់បាត់បង់ស្មារតី នោះពួកគេនឹងអាចជួយជនទាំងនោះបាន។ នោះហើយជាមូលហេតុ ដែលយើងបណ្តុះបណ្តាលពួកគេនៅពេលពួកគេនៅក្មេង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner