នាយករដ្ឋមន្រ្តីអង់គ្លេស និងហូឡង់ឆ្លៀតជួបពិភាក្សាគ្នា នៅមុនកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុប
រ៉ៃក្យាវិក៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ និងនាយករដ្ឋមន្រ្តីហូឡង់ លោក ម៉ាក រូត បានជួបពិភាក្សាគ្នាក្រៅផ្លូវការ នៅមុនកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងរ៉ៃក្យាវិក ប្រទេសអ៊ីស្លង់។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ និងនាយករដ្ឋមន្រ្តីហូឡង់ លោក ម៉ាក រូត បានព្រមព្រៀងគ្នាថា ពួកលោកនឹងបង្កើតសម្ព័ន្ធអន្តរជាតិមួយ ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាស ដោយគាំទ្រគ្រប់បែបយ៉ាង ចាប់តាំងពីការហ្វឹកហ្វឺន រហូតដល់ការទិញយន្តហោះ F-16។ នេះបើតាមការបញ្ជាក់ពីការិយាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស។មួយឆ្នាំបន្ទាប់ពីការបណ្តេញរុស្ស៊ីចេញពីក្រុមប្រឹក្សាអឺរ៉ុប (CoE) មេដឹកនាំអឺរ៉ុប ៤៦ បានប្រមូលផ្តុំគ្នាសាជាថ្មីនៅក្នុងប្រទេសអ៊ីស្លង់ ដើម្បីបង្ហាញពីការរួបរួមគ្នាប្រឆាំងនឹងរុស្ស៊ី ដែលលុកលុយលើអ៊ុយក្រែន។
ជាមួយគ្នានេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងត្រូវទទួលខុសត្រូវចំពោះការខូចខាត និងការបំផ្លិចបំផ្លាញ ដែលពួកគេបានបង្កឡើងនៅក្នុងការលុកលុយអស់រយៈពេល១៥ខែមកនេះ ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន គឺអ៊ុយក្រែន។
ការជួបជុំរបស់មេដឹកនាំអឺរ៉ុបខាងលើនេះ ក៏ជាពេលវេលាដ៏សំខាន់មួយផងដែរ សម្រាប់ប្រមុខរដ្ឋអឺរ៉ុប អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអង់គ្លេស នៅមុនកិច្ចប្រជុំកំពូល G7 ដែលនឹងចាប់ផ្តើមធ្វើឡើងក្នុងថ្ងៃសុក្រទី១៩ ខែឧសភា នៅប្រទេសជប៉ុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



