ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋាន ចំនួន ៨នៅទីរួមខេត្តកោះកុង បានប្រកាសជំហរមិនលក់មុខម្ហូបពីសាច់សត្វព្រៃឱ្យដល់ភ្ញៀវ

ខេត្តកោះកុង៖ ដើម្បីចូលរួមអភិរក្សសត្វព្រៃ ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋាន ចំនួន៨នៅទីរួមខេត្តកោះកុង បានប្រកាសជំហរមិនលក់មុខម្ហូបពីសាច់សត្វព្រៃ ជូនដល់ភ្ញៀវសម្រាប់កន្លែងខ្លួននោះឡើយ ការធ្វើដូច្នេះដើម្បីចូលរួមលុបបំបាត់អន្ទាក់ ទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យដែលធ្វើឡើងនៅមន្ទីរបរិស្ថានខេត្តកោះកុង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថាបើគិតរហូតមកដល់ពេលនេះ មានអាហារដ្ឋាន និងកន្លែងបម្រើសេវាទេសចរណ៍ ចំនួន៨៦ទីតាំងហើយ ដែលបានប្តេជ្ញាមិនលក់សាច់សត្វព្រៃនៅក្នុងសេវាកម្មម្ហូបអាហាររបស់ខ្លួន បន្ទាប់ពីធ្វើយុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី១ កាលពីឆ្នាំទៅនៅខេត្តគោលដៅដូចជា៖ ខេត្តរតនគិរី ក្រចេះ មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ និងយុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ កាលពីថ្មីៗនេះ និងនៅទីរួមខេត្តកោះកុងនាថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។

ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវមោទកភាព និងអបអរសាទរចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ដែលបានស្ម័គ្រចិត្តប្រកាស មិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃដោយឯកឧត្តមបានគូសបញ្ជាក់ថា «នេះបង្ហាញពីការចូលរួមប្រកបដោយ គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់បំផុតព្រោះភោជនីយដ្ឋានជាកន្លែងចែកចាយ និង បង្កើតការជួញដូរសត្វព្រៃយ៉ាងសំខាន់ ហើយបើមានការលក់ដូរមុខម្ហូបធ្វើពីសាច់សត្វព្រៃវាជាផ្នែកនៃការលើកទឹកចិត្តឱ្យមានការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ»។

ក្នុងន័យទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ និងក៏ដូចជាចូលរួមអភិរក្សសត្វព្រៃនេះផងដែរ ឯកឧត្តម នេត្រ ភក្រ្តាបានធ្វើការថ្លែងដោយអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានដទៃទៀតត្រូវចូលរួមក្នុងយុទ្ធនាការនេះសំដៅធ្វើយ៉ាងណារួមគ្នាថែរក្សាសត្វព្រៃនៅកម្ពុជាឱ្យសម្បូរបែប និងគង់វង្សបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងដោយបញ្ជាក់ថា” ដើម្បីទប់ស្កាត់ការបរបាញ់សត្វព្រៃ ការជួញដូរសត្វព្រៃ សូមបងប្អូនដែលនិយមពិសាសាច់សត្វព្រៃបោះបង់ទម្លាប់ហូបសាច់សត្វព្រៃ និងកុំជឿថាសត្វព្រៃជាថ្នាំប៉ូវកម្លាំង ឬជាឱសថ តែផ្ទុយមកវិញវាអាចបង្កហានីភ័យខ្ពស់ចំពោះសុខភាពរបស់បងប្អូន ព្រោះសាច់សត្វព្រៃគ្មានការពិនិត្យត្រឹមត្រូវនិងបង្កប់ដោយមេរោគសាហាវៗដែលអាចសម្លាប់ជីវីតយើង និងបង្កជាមេរោគចម្លងផ្សេៗជាច្រើនទៀតផង”៕
អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក រិនរចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner