អភិបាលខេត្តបាត់ដំបង បានជំរុញដល់គ្រប់អាជ្ញាធរ កងកម្លាំង និងជំនាញពាក់ព័ន្ធតាមបន្ទាត់ព្រំដែន ត្រូវតែលុបបំបាត់ឲ្យអស់ភាពអសកម្មដែលកើតមាននៅក្នុងភូមិសាស្រ្តខ្លួន

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់អាជ្ញាធរ ស្ថាប័នសមត្ថកិច្ចជំនាញ និងគ្រប់កងកម្លាំងពាក់ព័ន្ធឈរជើងតាមបន្ទាត់ព្រំដែនទាំងអស់ ក្នុងភូមិសាស្ត្រខេត្ត ត្រូវតែមានវិធានការច្បាប់ក្នុងការលុបបំបាត់ឲ្យអស់នូវភាពអសកម្មមួយចំនួនដែលកើតឡើង និងតែងតែកើតមាននៅក្នុងភូមិសាស្ត្រនីមួយៗរបស់ខ្លួនជាញឹកញាប់នឹងច្រំដែលដដែលៗឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីឲ្យឆ្លើយតបពីតួនាទីភារកិច្ចចំពោះមុខរបស់ខ្លួន ដែលថ្នាក់លើប្រគល់ឲ្យ និងដែលខ្លួនទទួលខុសត្រូវជាមួយអាជ្ញាធរ ក្រសួង និងរាជរដ្ឋាភិបាល។

ការថ្លែងដាក់បទបញ្ជាបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធ ទៅនិងការត្រួតពិនិត្យ ពីវឌ្ឍនភាពការងារព្រំដែន និងធ្វើការពង្រឹងឡើងវិញពីបាតុភាពអសកម្មមួយចំនួន របស់អាជ្ញាធរស្រុកនៅទីនោះ និកងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើង និងកំពុងតែបំពេញការងាររបស់ខ្លួន នៅតាមច្រកទ្វារតំបន់ ច្រកទ្វារអន្តរជាតិ និងច្រករបៀងនៅតាមបន្ទាត់នៃព្រំដែនគោករវាងខេត្តបាត់ដំបង ជាមួយនិងប្រទេសថៃ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម សុខលូ បានធ្វើការណែនាំនិងជំរុញឲ្យគ្រប់អាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវតែអនុវត្តនូវវិធានការម៉ឺងម៉ាត់ក្នុងការលុបបំបាត់ឲ្យបាន ឲ្យអស់នូវរាល់បាតុភាពអសកម្មមួយចំនួនដែលកើតមានក្នុងភូមិសាស្ត្រជាក់ស្តែងរបស់ខ្លួន ដូចជា៖ អំពើឆ្លងដែនខុសច្បាប់ ការនាំចូលទំនិញគេចពន្ធខុសច្បាប់ លំហូរការនាំពលករចេញចូលទៅថៃ និងត្រូវវែកមុខចាប់មេក្លោង មេខ្យល់ដែលនាំពលករខុសច្បាប់យកកមកផ្តន្ទាទោសឲ្យបានដាច់ខាត។ ត្រូវខិតខំក្នុងការទប់ស្កាត់ លុបបំបាត់ឲ្យបាននូវរាល់បទល្មើសឆ្លងដែនគ្រប់រូបភាពជាដើម ។

ក្នុងនោះក៏ត្រូវខិតខំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅតាមបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរ និងត្រូវមានកិច្ចសហប្រតិបត្តិល្អជាមួយប្រទេសជិតខាងក្នុងការសម្របសម្រួលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅទីនោះបានប្រកបមុខរបររកស៊ីត្រឹមត្រូវ ក្នុងការផ្លាស់ប្តូរនូវទំនិញ និងកសិផលកសិកម្ម ឲ្យបានល្អ រវាង ប្រជាជនភូមិផងនិងជិតខាងគ្នា៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner