ករណីកើតជំងឺគ្រុនឈាមនៅឡាវ កើនឡើងជាង ២,០០០នាក់
វៀតចន្ទន៍៖ ក្រសួងសុខាភិបាលឡាវបានរាយការណ៍ថា ករណីកើតជំងឺគ្រុនឈាមក្នុងប្រទេសឡាវ បានកើនឡើងដល់ ២.០៤១នាក់ ចាប់តាំងពីខែមករាដើមឆ្នាំនេះ។
Read. យោងតាមរបាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាព ស្ថិតក្រោមក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី១៦ ខែឧសភា បានឱ្យដឹងថា ប្រទេសឡាវបានកត់ត្រាករណីកើតជំងឺគ្រុនឈាមថ្មីៗចំនួន២៥នាក់ ដែលនាំឱ្យតួលេខអ្នកកើតជំងឺនេះសរុបកើនឡើងដល់២,០៤១នាក់។
ករណីកើតជំងឺគ្រុនឈាមខ្ពស់បំផុត ត្រូវបានគេរាយការណ៍ថា នៅខេត្តខាំម៉ូន មានចំនួន៣៦៤នាក់ ខណៈដែល៣១៨នាក់ត្រូវបានរកឃើញនៅខេត្តឧត្តមសៃ និង ២៣៤នាក់ផ្សេងទៀតនៅទីក្រុងវៀងចន្ទន៍។
ស្របពេលដែលប្រទេសឡាវប្រឈមនឹងការធ្លាក់ភ្លៀង និងផ្គររន្ទះពេញមួយសប្តាហ៍នោះ ក្រសួងសុខាភិបាលឡាវបានជំរុញឱ្យប្រជាជនទូទាំងប្រទេស រក្សាការប្រុងប្រយ័ត្នខ្ពស់ និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺគ្រុនឈាម។
ក្នុងនោះប្រជាជនឡាវត្រូវបានក្រសួងសុខាភិបាលស្នើសុំឱ្យសម្អាតកន្លែងបង្កាត់ពូជមូសខ្លានៅជុំវិញបរិវេណផ្ទះ និងកន្លែងធ្វើការរបស់ពួកគេ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

