ការប្រគួតកីឡាស៊ីហ្គេមលើកទី៣២ លើវិញ្ញាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងខេត្តកំពត កម្ពុជាទទួលបានមេដាយមាស២ ប្រាក់២ សំរិត៤
ខេត្តកំពត៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ មានវិញ្ញាសាសរុបចំនួន១៣ ហើយកីឡាករ កីឡាការិនី កម្ពុជាយើងទទួលបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះរួមមាន៖ មេដាយមាស ចំនួន ០២គ្រឿង ប្រាក់ ចំនួន ០២គ្រឿង និងមេដាយសំរិទ្ធ ចំនួន ០៤គ្រឿង ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រគួត កីឡាទូកប្រពៃណីខ្នតអន្តរជាតី (ទូកនាគ) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ក្នុងក្រុងកំពត ខេត្តកំពត ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសម្ដែងនូវការអបអរសាទរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានជ័យលាភីពីការប្រកួតដ៏ស្វិតស្វាញនេះ ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តកំពត បញ្ជាការរដ្ឋានកងទ័ពជើងទឹក និងមន្ទីរ-អង្គភាពនានាជុំវិញខេត្តទាំងអស់» ដែលបានខិតខំរៀបចំកម្មវិធីប្រកួតកីឡាទូកប្រពៃ ណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពអធិកអធម និងមហោឡារឹក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់គួរជាទីមោទកៈ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្តរបស់កម្ពុជា បន្ទាប់ពីខកខានអស់រយៈពេលជាង ៦៤ឆ្នាំមក ដោយបញ្ហាសង្រ្គាមដ៏រ៉ាំរ៉ៃ ពុំមានសុខសុខសន្តិភាពពេញលេញ។ ហេតុដូច្នេះហើយទើបគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ បានសម្រេចជ្រើសរើសពាក្យស្លោកប្រកបដោយអត្ថន័យជ្រាលជ្រៅថា “កីឡារស់ក្នុងសន្តិភាព” ។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំឱ្យប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ពីការផ្លាស់ប្ដូរជាវិជ្ជមាន ទាំងទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានេះផងដែរ ក៏បានរួមចំណែកបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច និងការទទួលបានទំនុកចិត្ត ពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (32nd SEA Games, 2023 ) នៅឆ្នាំ២០២៣ នាពេលនេះ។ បើគ្មានសន្តិភាពទេ នោះយើងក៍មិនអាចរៀបចំព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តដ៏សំខាន់នេះបានឡើយ ហេតុនេះហើយយើងទាំងអស់គ្នាត្រូវខិតខំថែរក្សារ និងការពារសន្តិភាព ឱ្យបានជាដាច់ខាត។ យើងសូមដឹងគុណ និងអរគុណ “សន្តិភាព” ជាពិសេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក មគ្គុទេសក៍ឯក ជាប្រតិបត្តិករនៃនយោបាយ ឈ្នះ ឈ្នះ និងជាបិតានៃសន្តិភាព៕







ដោយ ង៉ាន់ ទិត្យ