ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងដែលកម្ពុជាអាចសម្រេចបានជោគជ័យក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលបានដំណើរការប្រកួតនៅលើទឹកនៃព្រះរាជាណាចក្រកម្ពុជា ចំនួន៥រាជធានី-ខេត្ត នឹងត្រូវប្រកាសបិទបញ្ចប់នាថ្ងៃនេះ ជាមួយនឹងភាពជោគជ័យ ភាពស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដោយឈរលើស្មារតីកីឡា និងស្របតាមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដែលជាសហគមន៍តែមួយ ហើយក៏បន្តសុះសាយនៅទូទាំងសាកល តាមរយៈយុទ្ធសាស្ត្រប្រកបដោយភាពវ័យឆ្លាតរបស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយឱ្យមានការផ្សព្វផ្សាយបន្តដោយមិនគិតថ្លៃ ជាពិសេសក៏បានផ្តល់ការស្នាក់នៅហូបចុកដល់គណៈប្រតិភូ និងកីឡាករទាំងអស់ដោយមិនគិតថ្លៃផងដែរ។ “យើងជាប្រទេសតូច តែបេះដូងធំ” យើងជាប្រទេសប្រកបដោយភាពកក់ក្តៅ ដែលមានប្រជាជនពោរពេញដោយភាពរួសរាយរាក់ទាក់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ផ្អែកលើស្នាដៃនៃការរៀបចំប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ គឺពិតជាបានសបញ្ជាក់អំពីបេះដូងពិត និងតថភាពនៃការអភិវឌ្ឍរីកចម្រើនជាក់ស្តែងដែលកំពុងមានយ៉ាងប្រាកដនៅកម្ពុជាក្រោមម្លប់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ តាមរយៈការបង្ហាញដល់ប្រជាជនគ្រប់ជាតិសាសន៍លើពិភពលោកឱ្យបានដឹង បានស្គាល់ បានស្វែងយល់ បានមកទស្សនាកម្សាន្ត និងអាចបន្តមកទស្សនាបន្តទៀតក្នុងពេលខាមុខ។ ជាក់ស្តែង មោទនភាពជាតិក្នុងស្មារតីជាតិនិយម ដែលទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាជនទូទាំងប្រទេស ក្រោមស្មារតីកីឡាតែមួយ បានលើកស្ទួយកិត្តិយសជាតិលើឆាកអន្តរជាតិ និងជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់គ្រប់កីឡាករក្នុងការប្រឹងប្រែងយកជ័យជម្នះជូនជាតិមាតុភូមិ។

ទាក់ទងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាលទ្ធផល កម្ពុជាទទួលបានមេដាយសរុបចំនួន២៨២ ដែលក្នុងនោះមេដាយមាសចំនួន៨១ មេដាយប្រាក់៧៤ និងមេដាយសំរិទ្ធ១២៧ ដោយស្ថិតក្នុងលំដាប់លេខរៀងទី៤។ នេះ គឺជាប្រវត្តិសាស្ត្រ និងកម្រិតខ្ពស់ដែលកម្ពុជាទទួលបាន។ លទ្ធផលដ៏ត្រចេះត្រចង់នេះ គឺកើតចេញពីការគិតគូរយ៉ាងច្បាស់លាស់ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ តាមរយៈការផ្តល់នូវការយកចិត្តទុកដាក់ វិនិយោគរយៈពេលវែង ដែលនឹងបន្តចាក់គ្រឹះរឹងមាំសម្រាប់អភិវឌ្ឍសមត្ថភាពកីឡាករ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសចលនាគាំទ្រនៅទូទាំងប្រទេស ដែលជាចលករយ៉ាងសំខាន់មិនអាចខ្វះបាន ដោយបានផ្តល់នូវការតម្កល់ផលប្រយោជន៍ជាតិជាធំ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner