ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន តាមរយៈគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ជាប្រមុខ។ ជាក់ស្តែងសម្រាប់កម្រិតថ្នាក់ជាតិ វិស័យអាទិភាព ៤ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង” ដែលបានដាក់ចេញ ហើយដែលទទួលបានលទ្ធផលជាក់ស្តែង ដូចជារាប់ចាប់ពីការសង្គ្រោះ និងរំដោះប្រទេសចេញពីរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ការរស់ឡើងវិញនូវដង្ហើមសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ជាមួយនឹងការបន្តរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព។

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងមូលដ្ឋានខេត្តកណ្តាលផ្ទាល់ ក៏បានបង្កើតនូវគម្រោងធំៗចំនួន៣ ដែលកំពុងលេចរូបរាងជាបណ្តើររួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ផ្លូវវាងក្រុង និងផ្លូវនាវាចរណ៍ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការបម្រើឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាល “ជាតិរីកចម្រើន ទៅបាន គឺអាស្រ័យដោយប្រជាជនរីកចម្រើន”៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner