សម្តេចតេជោចាត់ទុកការទទួលបានមេដាយសរុប២៨២គ្រឿងគឺជាសមិទ្ធផលជាតិ (Video Inside)
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បានបង្ហាញលទ្ធផល ជាចុងក្រោយរបស់ខ្លួនហើយ ដោយកម្ពុជាបានស្ថិតជាប្រទេសក្នុងលំដាប់លេខរៀងទី៤ ដោយទទួលបានមេដាយសរុបចំនួន២៨២គ្រឿង។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានឈានដល់ថ្ងៃបិទបញ្ចប់របស់ខ្លួននៅថ្ងៃទី១៧ឧសភា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមចាត់ទុកការទទួលបានមេដាយសរុប ២៨២គ្រឿង ក្នុងប្រកួតកន្លងមកនេះ គឺជា «ការរីកចម្រើននៃវិស័យកីឡា» របស់កម្ពុជា និងជា«សមិទ្ធផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ»។
សម្តេចតេជោបានសរសេរប្រៀបធៀបថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ១៩៩៩, កម្ពុជាមិនទទួលបានមេដាយសោះឡើយ ហើយពេលនោះ បានស្ថិតនៅបាតតារាង នៃចំណាត់ថ្នាក់ទី១០ ក្រោមគេបង្អស់។
សម្តេចបន្តថា «ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់វិញ កម្ពុជាទទួលមានមេដាយសរុបចំនួន ២៨២គ្រឿង ឈរលេខរៀងទី៣ ដែលមានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែលមានមេដាយមាសច្រើនជាងគេ»។
សម្តេចបានសរសេរថា «នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»។
ប្រទេសកម្ពុជាគិតត្រឹមថ្ងៃចុងក្រោយនេះ ទទួលបានមេដាយសរុប ២៨២គ្រឿង ក្នុងនោះ មេដាយមាសចំនួន ៨១គ្រឿង មេដាយប្រាក់ ចំនួន ៧៤គ្រឿង និងមេដាយសំរឹត ចំនួន ១២៧ គ្រឿង។