សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ថៃសុំទោសចំពោះទង្វើមិនល្អរបស់ក្រុមកីឡា ជម្រើសជាតិរបស់ខ្លួន (Video Inside)
សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ នៃប្រទេសថៃ Football Association of Thailand បានចេញសេចក្តីថ្លែងការណ៍សុំទោសចំពោះទង្វើរបស់កីឡាករជម្រើសជាតិថៃក្រោមអាយុ២២ឆ្នាំ ដែលបង្កការវាយតប់ដាក់មកលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងវគ្គដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងរាជធានីភ្នំពេញ។
កីឡាករថៃដែលបានទាត់ចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានបង្កការវាយតប់ដាក់មកលើក្រុមឥណ្ឌូណេស៊ី ដែលព្រឹត្តិការណ៍នោះ បានបង្កការជ្រួលច្របល់ និងប្រញាប់ឱ្យកងកម្លាំងសន្តិសុខកម្ពុជា ធ្វើអន្តរាគមន៍ទប់ស្កាត់នៅលើតារាង ក្រោមការចូលរួមទស្សនាពីមនុស្សច្រើនម៉ឺននាក់។
សេចក្តីថ្លែងការណ៍សរបស់សហព័ន្ធបាល់ទាត់ថៃបានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់ថៃ មានការខកចិត្តជាខ្លាំង និងសុំទោសចំពោះទង្វើដែលមិនសមហេតុផល ដែលបានកើតឡើង នៅអំឡុងការប្រកួតនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងវិញ្ញាសាបាល់ទាត់បុរសរវាងថៃ និងឥណ្ឌូនេស៊ី ដែលមានអ្នកគាំទ្រជាច្រើននៅក្នុងកីឡដ្ឋាន និងជុំវិញពិភពលោក ដែលបានធ្វើឲ្យខូចកិត្តិយសធ្ងន់ធ្ងរដល់មុខមាត់ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ និងមុខមាត់បាល់ទាត់ថៃផងដែរ»។
សេចក្តីថ្លែងការណ៍ដដែលបានសន្យាថា សហព័ន្ធកីឡាបាល់ទាត់ថៃ រួមទាំងក្រុមគ្រូបង្វឹកនឹងធ្វើការអប់រំ និងដាក់ទោសទណ្ឌចំពោះកូនក្រុមរបស់ខ្លួន ដើម្បីចៀសវាងមិនឱ្យមានករណីនេះ កើតឡើងនៅលើកក្រោយ ក្នុងកីឡា២ឆ្នាំម្តងនេះទៀតឡើយ។ គួរបញ្ជាក់ថាប្រទេសថៃនឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅក្នុងឆ្នាំ២០២៥។
យោងតាមការចុះផ្សាយរបស់កាសែតខ្មែរក្នុងឆ្នាំ១៩៦៧ បានឱ្យដឹងថា ក្រុមបាល់ទាត់របស់ប្រទេសថៃធ្លាប់បានវាយក្រុមកីឡាបាល់ទាត់កម្ពុជាផងដែរ បន្ទាប់ពីបានចាញ់កម្ពុជា៣ទល់នឹងសូន្យ នៅក្នុងការប្រកួតជាមិត្តភាពអន្តរជាតិមួយ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញនាជំនាន់អតីតកាលនោះ។