តំណាងអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការ ត្រូវសាងសង់ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងធានាបាននូវគុណភាព

ភ្នំពេញ៖ តំណាងអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការ ដែលឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ ត្រូវសាងសង់ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងធានាបាននូវគុណភាព ។ នេះជាការបញ្ជាក់របស់លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌចំការមន ក្នុងឱកាសអញ្ជើញជាតំណាងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខណ្ឌចំការមន ដោយមានការចូលរួមពីលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌផងដែរ និងមានក្រុមហ៊ុនចូលរួមដេញថ្លៃ ចំនួន ០៥ក្រុមហ៊ុន ។

លោក ហ៊ត វ៉ាន់ធី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលរាជធានី ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្ដាលូ ជួសជុលផ្លូវ ស្ថាបនាស្ពានអាកាសថ្មើជើង កែលំអសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។ ធ្វើឱ្យភូមិសាស្ត្រខណ្ឌចំការមន មានការអភិវឌ្ឍ និងប្រជាពលរដ្ឋមានការគាំទ្រ និងទទួលបាននូវភាពកក់ក្ដៅលើការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសជាតិ ។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៣ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ដែលដាក់ឱ្យដេញថ្លៃនាពេលនេះរួមមាន៖
១-សង្កាត់ទន្លេបាសាក់៖ ដាក់លូដោះទឹក និងជួសជុលអណ្តូង ចាក់បេតុង តម្លៃប៉ាន់ស្មាន ១០៩,៨៥៤,៤០៩រៀល, ២-សង្កាត់ទួលទំពូងទី១៖ ដាក់លូដោះទឹក និងជួសជុលអណ្តូង ចាក់បេតុង តម្លៃប៉ាន់ស្មាន ១៤៤,៩៧៣,២៧២រៀល, ៣-សង្កាត់ទួលទំពូងទី២៖ ដាក់លូដោះទឹក និងជួសជុលអណ្តូង តម្លៃប៉ាន់ស្មាន : ១៣៣,៦២២,៤០០រៀល, ៤-សង្កាត់បឹងត្របែក៖ ដាក់លូដោះទឹក និងជួសជុលអណ្តូង តម្លៃប៉ាន់ស្មាន ១៤៧,៨១៩,២២២ រៀល និង ៥-សង្កាត់ផ្សារដើមថ្កូវ៖ ដាក់លូដោះទឹក និងជួសជុលអណ្តូង តម្លៃប៉ាន់ស្មាន ១៣៥,៧៧៥,០៦៣រៀល។

ក្នុងឱកាសនេះ លោកអភិបាលរងខណ្ឌ បានណែនាំដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាអោយបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។ កុំអោយមានការដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន ។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះត្រួតពិនិត្យការងារអនុវត្តគម្រោងរបស់សង្កាត់ទាំងអស់ អញ្ចឹងទេ សុំឱ្យក្រុមហ៊ុនទាំងអស់ យកចិត្តទុកដាក់ ដោយការដេញថ្លៃនេះ សូមឱ្យធានាបាននូវភាពត្រឹមត្រូវគិតគូរឲ្យបានច្បាស់លាស់ នូវតម្លៃ និងទំហំការងារ និងធានាសុវត្ថិភាពជូនដល់សាធារណៈជន និងធានាដល់គុណភាព ស្របតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ ៕

អត្ថបទ៖ ស៊ូ ប៊ុនធី, រូបភាព៖ ជីម ភារ៉ា

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner