មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បណ្តុះបណ្តាលដល់បុគ្គលិកភោជនីយដ្ឋានផ្នែកបដិសណ្ឋារកិច្ច
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបើកវគ្គបំប៉ន និងបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ ដល់សិក្ខាកាមនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគីរីចំនួន២៨នាក់ ដើម្បីពង្រឹងចំណេះដឹងបន្ថែមលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈការគាំទ្រពី
គណៈកម្មការគ្រប់គ្រង់គម្រោង ហូកា (Hoka) នៃក្រសួងទេសចរណ៍ ដើម្បីពង្រឹងជំនាញវិជ្ជាជីវៈផ្នែក
បដិសណ្ឋារកិច្ចដល់បុគ្គលិកនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ សំដៅចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងគុណវុឌ្ឍិរបស់អ្នកជំនាញ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត។

ប្រភពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា វគ្គបណ្តុះបណ្តានេះ សិក្ខាកាមដែលបានចូលរួម បានទទួលនូវជំនាញបចេ្ចកទេសរួមមាន៖ ១. ប្រណីតភាពនៃសេវាកម្ម, ២. ស្គាល់ និងរបៀបប្រើប្រាស់សម្ភារក្នុងភោជនីយដ្ឋាន, ៣. ការកាន់និងលើកសម្ភារ ការរៀបចំតុ ការទទួលការកុម្ម៉ង់ និង៤. វដ្តនៃភ្ញៀវ និងដំណើរការក្នុងភោជនីយដ្ឋាន។
បន្ទាប់ពីបានបំប៉នលើចំណុចមេរៀនខាងលើ គ្រូបង្គោលលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៃមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក៏បានបន្ថែមលើជំនាញក្រឡុកស្រា ចំនួនប្រាំរូបមន្ត ផងដែរ មានដូចជា រៀបក្រឡុងស្រា និងភេសជ្ជៈ ប្លូម៉ាការីតា ប្លូការ៉ាកាវ Passion fruit Sparkling Tea, Wellcome Drink និង Grenadine soda ជាដើម។

លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ការបណ្តុះបណ្តាលជំនាញទៅកាន់មូលដ្ឋានអាជីវកម្មទេសចរណ៍គឺជារឿងសំខាន់ ដើម្បីឱ្យពួកគាត់ចេះពីរបៀបនៃការទទួលបដិសណ្ឋារកិច្ចបានល្អ ដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរណ៍ទៅតំបន់នោះ។
នាឱកាស រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោល កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ៕

ដោយ៖ សុខ រក្សា