កម្ពុជា-វៀតណាម កំពុងជំរុញឱ្យមានកិច្ចសហការគ្នាលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្ម

ភ្នំពេញ៖ កម្ពុជានិងវៀតណាម បាននិងកំពុងជំរុញឱ្យមានកិច្ចសហការគ្នាលើការរៀបចំគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្មទ្វេភាគី ដើម្បីបង្កើនូវកិច្ចសហការ​និងប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដោយនោះក៏មានក្នុងការផ្លាស់ប្តូរអ្នកជំនាញ និងការសិក្សារៀនសូត្រការងារពីគ្នាទៅវិញទៅមកផងដែរ។

ការជំរុញនេះធ្វើឡើងនៅក្នុងកំលុងពេលគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែឧសភា នៅវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួនពីរក្នុងប្រទេសវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យភ័ស្ដុភារកម្ម។  នេះបើតាមការប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន។

ក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន  បានដឹកនាំមន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានភ័ស្តុភារកម្ម តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីចូលរួមជួបពិភាក្សាសំណេះសំណាល អំពីកិច្ចសហប្រតិបត្តិការ និងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកលវិទ្យាល័យ Vietnam Maritime University (VMU)នៃប្រទេសវៀតណាម។

នាឱកាសនោះដែរ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI)របស់ប្រទេសវៀតណាម ក៏បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាចែករំលែកនូវបទពិសោធន៍ជាក់ស្តែង សំដៅឈានទៅជំរុញឱ្យមានឱកាសសហប្រតិបត្តិការរៀបចំគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្មជាមួយដៃគូអភិវឌ្ឍន៍នានាជាមួយគ្នា។

ឯកឧត្តម ឈៀង ពេជ្រ បានឱ្យដឹងថា ៖« កិច្ចពិភាក្សានេះ គឺបានឈរលើគោលបំណងក្នុងការផ្លាស់ប្តូរអ្នកជំនាញ ការសិក្សារៀនសូត្រការងារពីគ្នាទៅវិញទៅមក និងការផ្តល់ការសហការលើការសិក្សាស្រាវជ្រាវក្នុងអេកូឡូស៊ីឡូជីស្ទីក លើសពីនេះអគ្គនាយកដ្ឋានភ័ស្តុភារកម្មកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូនវៀតណាម នឹងមានការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគ្នា នាពេលឆាប់ៗខាងមុខថែមទៀត»។

ជុំវិញរឿងនេះដែរ តំណាងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI) និងសាកលវិទ្យាល័យចំនួន២ទៀត ក្នុងប្រទេសវៀតណាម ក៏បានបង្ហាញការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមផ្លាស់ប្តូរចំណេះដឹង និងការសហការផ្តល់វគ្គបណ្តុះបណ្តាលខ្លី វគ្គបណ្តុះបណ្តាលថ្នាក់ឧត្តម និងក្រោយឧត្តម ដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃប្រទេសទាំងពីរ នាពេលខាងមុខ។

ឆ្លងកាត់កិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា-វៀតណាមរួចមកឯកឧត្តម ឈៀង ពេជ្រ ក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI) និង សាកលវិទ្យាល័យ Vietnam Maritime University (VMU) ចំពោះពោះកិច្ចសហការរវាងគ្នា ខណៈលោកក៏សង្ឃឹមថា នឹងមានការផ្លាស់ប្តូរការសិក្សាវគ្គខ្លី និងវគ្គបណ្តុះបណ្តាលផ្សេងៗ ជាមួយវិទ្យាស្ថាន និងសាកលវិទ្យាល័យល្បីៗនៅប្រទេសវៀតណាមផងដែរ។

ពាក់ព័ន្ធនឹងវិស័យភ័ស្តុភារកម្មនេះដែរឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់បានលើកឡើងថា ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ក្នុងនោះមានគម្រោងជាង ៣០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេនៃវិស័យភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មនៅក្នុងតំបន់»។

ជាមួយគ្នានេះឯកឧត្តមក៏បានស្វាគមន៍រាល់កិច្ចសហការនានាពីបណ្តាដៃគូរពាក់ព័ន្ធ និងប្រទេសនានា លើដំណើររៀបចំ និងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មនៅកម្ពុជាផងដែរ៕ ដោយ៖សែម ពិសី

ads banner