គម្រោងឥណទានកាបូនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន

ភ្នំពេញ៖ ដោយសារតែកត្តាសុខសន្តិភាពពេញលេញ យើងមានឱកាសគ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះ បានធ្វើឱ្យកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន (Carbon Credit)ក្នុងគម្រោង រេដបូក គម្រោង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service) ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា៖រេដ បូក គឺជាយន្តការហិរញ្ញវត្ថុនិរន្តរភាព (Sustainable Financing Mechanism) ដើម្បីគាំទ្រ ដល់បណ្តា ប្រទេស កំពុង អភិវឌ្ឍន៍ដែលសម្បូរទៅដោយព្រៃឈើ ទទួលបានថវិកាយកមកប្រើប្រាស់ក្នុងការការពារធនធានព្រៃឈើ និងលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋានក្នុងប្រទេសសាម៉ី និងការចូលរួម ចំណែក ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ការ ប្រែប្រួល អាកាស ធាតុក្នុង សកលលោក។

ឯកឧត្តមបានថ្លែងផងថា ៖ ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថានបានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំងបីខាងលើ គ្របដណ្តប់ទៅលើផ្ទៃដីប្រមាណ ១,២៧ លានហិកតា ស្មើនឹង ១៧,៦ ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។ ក្រសួងបរិស្ថានកំពុងរៀបចំ គម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩ លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីគម្រោងរេដបូក សរុបនឹងមានចំនួន ២,៤៦លានហិកតា (ស្មើនឹង ៣៤,១ ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖”នេះគឺជារបត់ថ្មីដ៏សំខាន់មួយ ដែលកម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោម ទិសស្លោក«រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»។ កាលដែលកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក”។

គួរបញ្ជាក់ថាគម្រោងឥណទានកាបូនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដោយក្នុងនោះ

១)គម្រោងរេដបូកផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការអភិវឌ្ឍន៍សហគមន៍ ដូចជា សាលារៀន និងមណ្ឌលសុខភាព។

២)គម្រោងនេះលើកទឹកចិត្តឱ្យមានការការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ។

៣)សហគមន៍អាចរកប្រាក់ចំណូលបានពីការលក់ឥណទានកាបូន ដែលបានមកពីការអភិរក្សព្រៃឈើ។

៤) គម្រោងរេដបូកជួយសហគមន៍ក្នុងការបង្កើនជីវភាពរស់នៅប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពរស់នៅរបស់យើងទាំងអស់គ្នា ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner