គណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានគ.ជ.ប បដិសេធការចុះបញ្ជី ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បាន បដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។នេះបើយោង តាមសេចក្តីសម្រេចរបស់គ.ជ.ប ចុះថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣។

គ.ជ.ប. បញ្ជាក់ថា មូលហេតុនៃការបដិសេធដោយសារគណបក្ស មហាសាមគ្គីជាតិខ្មែរមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃនីត្យានុកូកម្មដោយរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូល តែមួយ ឱ្យបានត្រឹមត្រូវស្រប តាមកថាខណ្ឌទី២ នឹងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ការសម្រេចនេះបន្ទាប់ពីកាលពីព្រឹកថ្ងៃទី១៩ខែឧសភាឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានដឹកនាំកិច្ចប្រជុំគ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើ៖

- កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣
- ឯកសារពាក់ព័ន្ធនឹងការជ្រើសរើសសមាសភាពគណៈកម្មការ ការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាង រាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
- ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន របស់គណបក្សមហាសាមគ្គីជាតិខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី១៩ ខែឧសភា នេះ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន ១៨ និងគណបក្សនយោបាយចំនួនពីរត្រូវបាន គ.ជ.ប បដិសេធ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ៕
ដោយ៖អ៊ិត រ៉ាវុធ


