អូស្រ្តាលី ប្តេជ្ញាជួយកម្ពុជាឈានទៅសម្រេចនូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី បានចាត់ទុកថា ការទទួលបានទឹកស្អាតនិងអនាម័យគឺជាកត្តាចាំបាច់ក្នុងការបំពេញតម្រូវការផ្នែកអភិវឌ្ឍន៍។ អូស្រ្តាលីក៏បានបង្ហាញពីការប្តេជ្ញាថានឹងបន្តជួយកម្ពុជាឈានទៅសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ២០៣០ផងដែរ។នេះបើតាមស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

ស្ថានទូតអូស្រ្តាលីប្រចំាកម្ពុជា បានឱ្យដឹងថា ប្រទេសអូស្ត្រាលី និងកម្ពុជា បានសហការគ្នាអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ដើម្បីផ្តល់ជូនប្រជាជនកម្ពុជានៅតាមទីជនបទរហូតជាងមួយលាននាក់ នូវលទ្ធភាពទទួលបានទឹកស្អាតតាមបំពង់។បច្ចុប្បន្នយើងកំពុងជួយក្នុងការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹក ហើយមូលនិធិនេះនឹងជួយឱ្យប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនានា មានលទ្ធភាពទទួលបានហិរញ្ញប្បទាន និងជំនួយបច្ចេកទេសផ្សេងៗ ដើម្បីកែលម្អ និងពង្រីកសេវាកម្មរបស់ពួកគេ រួមចំណែកដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។

ប្រភពដដែលបញ្ជាក់ទៀតថា ថ្មីៗនេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសអូស្ត្រាលី ភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក៏បានរៀបចំដំណើរទស្សនកិច្ចសិក្សាមួយសម្រាប់ស្ថាប័នជំនាញសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជា និងសមាគមផ្គត់ផ្គង់ទឹកកម្ពុជា ចូលរួមសិក្ខាសាលា (ozwater23) ដើម្បីស្វែងយល់អំពីការគ្រប់គ្រងទឹករបស់ប្រទេសអូស្ត្រាលី គាំទ្រភាពធន់ខាងបរិស្ថាន និងសេដ្ឋកិច្ចនៃអនុតំបន់មេគង្គថែមទៀតផងដែរ។

ពាក់ព័ន្ធនឹងលទ្ធភាពទទួលបានទឹកស្អាតនៅកម្ពុជានេះដែរ ថ្លែងក្នុងពិព័រណ៍សារព័ត៌មានទឹកស្អាត និងអនាម័យ កាលពីខែមេសា លោក Andreas Zurbrugg ឯកអគ្គរដ្ឋទូតរងប្រចាំស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ធ្លាប់លើកឡើងថា ការទទួលបានទឹកស្អាតនិងអនាម័យគឺជាកត្តាចាំបាច់ក្នុងការបំពេញតម្រូវការផ្នែកអភិវឌ្ឍន៍ ហើយការទទួលបានទឹកស្អាតនិងអនាម័យនេះ ក៏ជាផ្នែកសំខាន់ជំរុញដល់កត្តាសុខភាពបុគ្គល សហគមន៍ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចផងដែរ។

លោកបានអះអាងដែរថា បច្ចុប្បន្ន ប្រទេសអូស្ត្រាលីកំពុងគាំទ្រគម្រោង WaterAid ចំនួនពីរ តាមរយៈកម្មវិធីសហប្រតិបត្តិការនៃអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី។ លោកថា ក្នុងនោះ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២ អង្គការ WaterAid បានជួយប្រជាពលរដ្ឋ ៤០ម៉ឺន នាក់ ទទួលបានទឹកស្អាត ប្រជាពលរដ្ឋ ៨០ម៉ឺននាក់ មានបង្គន់អនាម័យប្រើប្រាស់ក្នុងខេត្តចំនួន៥ អ្នកជំងឺ និងបុគ្គលិកថែទាំសុខភាពចំនួន ៣០ម៉ឺននាក់ ក៏មានលទ្ធភាពកាន់តែប្រសើរឡើងក្នុងការទទួលបានសេវាថែទាំសុខភាពពីមណ្ឌលថែទាំសុខភាពចំនួន៣១និងមន្ទីរពេទ្យក្នុងខេត្តចំនួន៤របស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាតប្រជាពលរដ្ឋនៅទីប្រជុំជន១០០ភាគរយ ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្ម និងសមធម៌ទឹកបរិភោគសម្រាប់ប្រជាជនទូទាំងប្រទេស៕ អត្ថបទ៖ សែម ពិសី

ads banner