ស្នងការខេត្តបន្ទាយមានជ័យ ជំរុញមន្រ្តីនគរបាលខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន

អត្ថបទដោយ៖
CPA

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ បានជំរុញឱ្យមន្ត្រីនគរបាលជាតិដែលត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិ ត្រូវខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ក្នុងការបម្រើសេវាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ការជំរុញ និងណែនាំនេះ ធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន៤៨០នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។

ពិធីនេះត្រូវប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរនគរបាលទាំង៤ និងមន្ត្រីនគរបាលជាច្រើនរូប។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

សូមជម្រាបថា មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មានចំនួន៤៨០នាក់។ ក្នុងនោះ សម្រេចផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន ១៩២នាក់ រួមមាន ថ្នាក់នាយផ្នែកចំនួន៥២នាក់ នាយរងផ្នែកចំនួន៨៤នាក់ នាយនគរបាលប៉ុស្តិ៍រដ្ឋចំនួន០៤ នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន២៥នាក់ នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនចំនួន០២នាក់ និងនាយរងនគរបាលប៉ុស្តិ៍ការពារព្រំដែនចំនួន០២នាក់ ។ ត្រូវបានដំឡើង បំពាក់ឋានន្តរស័ក្តិ ចំនួន៣៨២នាក់ ក្នុងនោះ ថ្នាក់អនុសេនីយ៍ឯក ចំនួន១៤៨នាក់ ថ្នាក់អនុសេនីយ៍ទោ ចំនួន១៤១នាក់ ថ្នាក់អនុសេនីយ៍ត្រី ចំនួន៥៤នាក់ ថ្នាក់ព្រិន្ទបាលឯកចំនួន៣៤នាក់ ថ្នាក់ព្រិន្ទបាលទោ ចំនួន០២នាក់ និងពលបាលទោចំនួន០២នាក់៕ ដោយ៖ សុខ រក្សា

ads banner