២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៦ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាន នៅតែមានករណីឆ្លង និងស្លាប់ថ្មីដោយសារកូវីដ១៩ នៅឡើយទេ នៅថ្ងៃទី១៩ ឧសភានេះ។ ដោយឡែកប្រទេសកម្ពុជាមិនមានការឆ្លងថ្មីឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ពាន់ ៦៧៧ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងថែមទៀតចំនួន ១ពាន់ ១៧ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។

ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ១៤ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៦នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៧ករណី។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣ម៉ឺន ៤១២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៥៩៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ, ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៨លានករណី, និងការស្លាប់មានជាង ៦លាន ៨៧ម៉ឺននាក់៕

ads banner