គណបក្សភ្លើងទៀន សម្រេចដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សភ្លើងទៀន បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់លោក គីម សួរភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ថ្លែងប្រាប់ AMS នៅមុននេះបន្តិច។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន។ បន្ទាប់ពីសាម៉ីគណបក្សទទួលបានសេចក្តីសម្រេចរបស់ គ.ជ.ប គឺគណបក្សនេះមានពេល៥ថ្ងៃ ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងរយៈពេល១០ថ្ងៃ ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលបានបណ្តឹង ត្រូវឆ្លើយតបទៅសាមីគណបក្សនោះវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ មណ្ឌលរាជធានី- ខេត្ត។ ការបដិសេធនេះ ត្រូវបាន គ.ជ.ប អះអាងថា ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី- ខេត្ត- ក្រុង- ស្រុក- ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕
ដោយ៖ពលជ័យ

ads banner