ឯកឧត្តមបណ្ឌិត ម៉ឹង មករា អបអរសាទរដល់ប្រជាកសិករ ១៩០គ្រួសារ ដែលដំណាំស្រូវរបស់គាត់ត្រូវបានសង្គ្រោះ
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន១៩០គ្រួសារ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ នៅភូមិដូន្តោ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរដល់ប្រជាកសិករ ១៩០គ្រួសារ ដែលដំណាំស្រូវរបស់គាត់ត្រូវបានសង្គ្រោះ និងផ្សព្វផ្សាយនូវផែនការជួយជាបច្ចេកទេស និងការរកទីផ្សារទិញស្រូវ ជូនដល់ពួកគាត់ទាំង ១៩០គ្រួសារផងដែរ ។

សូមរំលឹកថា ក្រុមការងារជនបង្គោល បានផ្ដួចផ្ដើមរួមគ្នាសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធ បានបូមទឹក និងកាយប្រឡាយទឹកបង្ហូរដាក់ស្រែ ដែលបានសង្គ្រោះដោយជោគជ័យ តាមសំណូមពររបស់ប្រជាកសិករទាន់ពេលវេលា។ នេះសបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ព្រមទាំងក្រុមការងារបច្ចេកទេសដំណាំស្រូវបានរៀបចំ ដ្រូនកសិកម្មបាញ់ថ្នាំ និងជីសរីរាង្គ ជូនដីស្រែប្រជាកសិករទាំង ២០០ហិចតា ដើម្បីបំប៉នសុខភាពស្រូវឲ្យមានការលូតលាស់ល្អ ទទួលនូវទិន្នផលខ្ពស់។ ក្រុមការងារជនបង្គោល នឹងរៀបចំក្រុមការងារបច្ចេកទេសដំណាំស្រូវ បន្តជួយតាមដានសុខភាពដំណាំស្រូវនេះរហូតដល់ប្រមូលផល និងលក់ចេញទៅទីផ្សារឲ្យបាននូវតម្លៃសមរម្យ។

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋតាមភូមិឃុំក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ។ លើសពីនេះ ក្រុមការងារជនបង្គោលក៏បានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹកស្រះទឹក ការដាំកូនឈើលម្អសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ៕ ដោយ / គ្រី សម្បត្តិ

