មេដឹកនាំប្រទេស G7 ប្តេជ្ញាចិត្តខ្ពស់ ចំពោះពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ
ហ៊ីរ៉ូស៊ីម៉ា៖ បណ្តាមេដឹកនាំ G7 ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចបាននូវពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ។
កិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក ហៅកាត់ថា G7 រៀបចំឡើង នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែឧសភា បានអនុម័តសេចក្តីថ្លែងការចុងក្រោយ ដោយគ្របដណ្តប់លើបញ្ហាសកលសំខាន់ៗ ក្នុងនោះ រួមមានទាំង បញ្ហាអាវុធនុយក្លេអ៊ែរផងដែរ។
ត្រង់ចំណុចនេះ បណ្តាមេដឹកនាំប្រទេស G7 បានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចបាននូវពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ជាមួយនឹងសន្តិសុខគ្មានការថយចុះសម្រាប់ទាំងអស់គ្នា តាមរយៈការប្រកាន់យកនូវវិធីសាស្រ្តជាក់ស្តែង ជាក់ស្តែង និងប្រកបដោយការទទួលខុសត្រូវ។
ពួកគេក៏បានអំពាវនាវឱ្យមានការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងបានអះអាងសារជាថ្មីអំពី “សារៈសំខាន់នៃការរំសាយអាវុធ និងការខិតខំប្រឹងប្រែងមិនរីកសាយភាយ ដើម្បីបង្កើតពិភពលោកដែលមានស្ថិរភាព និងសុវត្ថិភាពជាងមុន” ។
មេដឹកនាំ G7 បានកត់សម្គាល់ថា “សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) គឺជាមូលដ្ឋានគ្រឹះនៃរបបមិនរីកសាយភាយនុយក្លេអ៊ែរសកល និងជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកការរំសាយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី”៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត