ក្រសួងពាណិជ្ជកម្ម៖វេទិកា GEDF លើកទី៩ និងកិច្ចប្រជុំកំពូលCBL នឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគកម្ពុជា និងចិនបន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចាត់ទុកថា វេទិកាការអភិវឌ្ឍសេដ្ឋកិច្ចសកលលើកទី៩(the 9th Global Economic Development Forum GEDF) និងកិច្ចប្រជុំកំពូលអ្នកដឹកនាំធុរកិច្ចកម្ពុជា (Cambodia Business Leaders’ Summit) គឺជាសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន។

ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងពេលដែលអញ្ជើញចូលរួមជាធិបតីក្នុងវេទិកាសំខាន់ទាំងពីរនេះ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ បានថ្លែងថា ឆ្នាំ ២០២៣នេះ គឺជា ឆ្នាំ មិត្តភាព កម្ពុជា – ចិន និង ជា ខួប លើក ទី ៦៥ នៃ ទំនាក់ទំនង ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋ ប្រជាមានិតចិន។ ដូច្នេះហើយក្នុងឆ្នាំនេះ ប្រទេសទាំងពីរនឹងសហការរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងគោលបំណងពង្រឹងនិងពង្រីក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងវិស័យអទិភាពដទៃទៀត។ «ជាក់ស្តែង វេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summit គឺជាសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន។ក្រោមក្របខ័ណ្ឌតំបន់ ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)»។ ឯកឧត្តម ឈួន ដារ៉ា បានបញ្ជាក់បន្ថែម។

ឯកឧត្តមបានបន្តថា ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

លោក Gui Hangfeng ប្រធានសមាគមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកលសម្រាប់ការអភិវឌ្ឍមានប្រសាសន៍ថា កម្ពុជា និងចិនបានបង្កើតមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ កសិកម្ម ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ហើយគោលបំណងនៃវេទិកានេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ ផ្លាស់ប្តូរបទ ពិសោធន៍ និងស្វែងរកមធ្យោបាយដើម្បីធ្វើសមាហរណកម្មកាន់តែប្រសើរឡើងជាមួយនឹងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់កម្ពុជា។

លោកបានបញ្ជាក់បន្ថែមដូច្នេះថា ៖«ចិន និងកម្ពុជា គឺជាមានមិត្តភាពជាប្រពៃណី និងជាអ្នកជិតខាងល្អ ដែលមានភាតរភាពជាមួយគ្នាទៅវិញទៅមក ហើយឆ្នាំ ២០២៣នេះ គឺ ជា ខួប លើក ទី ១០ នៃ គំនិត ផ្តួច ផ្តើម “ខ្សែក្រវាត់ និង ផ្លូវ” ជាមួយនឹងការធ្វើឱ្យស៊ីជម្រៅនៃគំនិតផ្តួចផ្តើមនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត»។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុង រយៈពេលបួនខែដើមឆ្នាំ២០២៣នេះ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៣.៨៩៤ លានដុល្លារអាមេរិក ថយចុះជិត១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិន បានជាង ៤៣៩ លានដុល្លារអាមេរិក កើនជិត៤ភាគរយ និងនាំចូលពីប្រទេសចិនមកវិញជាង ៣ ៤៥៤ លានដុល្លារ ថយចុះ១,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ ដោយ៖ វណ្ណ សុជាតា

ads banner