ថៃ៖ បក្ស «ផ្លាស់ទីឆ្ពោះទៅមុខ» បញ្ចុះបញ្ជូលសមាជិកព្រឹទ្ធសភាគាំទ្ររដ្ឋាភិបាលចម្រុះ
បាងកក៖ គណបក្ស «ផ្លាស់ទីឆ្ពោះទៅមុខ»នៅប្រទេសថៃ ដែលឈ្នះការបោះឆ្នោតកំពុងបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភា ឱ្យគាំទ្ររដ្ឋាភិបាលចម្រុះ។
គណបក្សផ្លាស់ទីឆ្ពោះទៅមុខ ឬ Move Forward Party (MFP) បានបង្ហាញពីទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាបន្ថែមទៀត ឱ្យគាំទ្រការដឹកនាំរបស់រដ្ឋាភិបាលចម្រុះ និងដាក់ឈ្មោះមេដឹកនាំរបស់ខ្លួន គឺ លោក ភីតា លីមចារ៉េនរ៉ាត់ (Pita Limjaroenrat) ជានាយករដ្ឋមន្ត្រីថ្មី។

សមាជិកព្រឹទ្ធសភា លោក សុងដេត សាមឺគខាំ (Songdet Samerkham) បានឆ្លើយតប កាលពីថ្ងៃសៅរ៍ ចំពោះការអះអាងថា មានអ្នកនយោបាយកំពុងធ្វើការយកឈ្នះចិត្ត សមាជិកព្រឹទ្ធសភាឯករាជ្យ ចំនួន៥០ រូប ក្នុងការគាំទ្រការដេញថ្លៃ របស់លោក ភីតា សម្រាប់តំណែងនាយករដ្ឋមន្ត្រី។
សមាជិកព្រឹទ្ធសភារូបនេះបានបញ្ជាក់ថា លោកត្រូវបានអ្នកនយោបាយទាក់ទងទៅពិភាក្សាលើបញ្ហានេះ។ លោក សុងដេត បាននិយាយទៀតថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រគណបក្សដែលមានសំឡេងភាគច្រើន នៅក្នុងសភាតំណាងរាស្រ្ត ប៉ុន្តែមិនបានដឹងពីមតិរបស់សមាជិកផ្សេងៗទៀតទេ។

រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស «ផ្លាស់ទីឆ្ពោះទៅមុខ» គ្រោងនឹងជួបជុំ បង្ហាញលម្អិតពីការចរចាស្វែងរកកិច្ចព្រមព្រៀង ក្នុងចំណោមបណ្តាគណបក្សពាក់ព័ន្ធ នាថ្ងៃចន្ទ ទី២២ ខែឧសភា៕ ប្រភពពី Bangkokpost ប្រែសម្រួល៖ សារ៉ាត