លោក Kishida និងមេដឹកនាំដៃគូ G7 ទៅទស្សនាវិមានអនុស្សាវរីយ៍ហ៊ីរ៉ូស៊ីម៉ា
ហ៊ីរ៉ូស៊ីម៉ា៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងមេដឹកនាំមកពីបណ្តាប្រទេស G7 បានទៅទស្សនាវិមានអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា (Hiroshima Peace Memorial) និងដាក់កម្រងផ្កាសម្រាប់ជនរងគ្រោះនៃការទម្លាក់គ្រាប់បែកបរមាណូ ក្នុងឆ្នាំ ១៩៤៥ ។

ចំពេលសន្តិសុខតឹងតែង មេដឹកនាំក្រុមប្រទេស G7ទាំងប្រាំពីរ និងថ្នាក់ដឹកនាំរដ្ឋាភិបាលផ្សេងៗទៀត បានធ្វើទស្សនកិច្ចដែលមិនធ្លាប់មានពីមុនមក ទៅកាន់វិមានអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃសុក្រ ដែលជាសកម្មភាពជានិមិត្តរូបខ្ពស់ដែលរៀបចំដោយប្រទេសជប៉ុនដែលបានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃដ៏សំខាន់នៅក្នុងទីក្រុងដែលត្រូវបានទម្លាក់គ្រាប់បែកបរមាណូ និងមានបំណងដើម្បី ជំរុញសន្ទុះសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ។

ដំណើរទស្សនៈកិច្ចដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក៏បានឃើញប្រមុខនៃបណ្តាប្រទេស G7 និងសហភាពអឺរ៉ុបដាក់កម្រងផ្កានៅវិមានសម្រាប់ជនរងគ្រោះដោយសារគ្រាប់បែកបរមាណូដែលត្រូវបានទម្លាក់លើទីក្រុងដោយសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ដោយគេសម្គាល់ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញ ជាលើកដំបូង។

នៅវិមានអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា មេដឹកនាំ G7 បានចូលរួមក្នុងពិធីដាំដើមឈើ ហើយត្រូវបានពន្យល់ដោយអភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui អំពីប្រវត្តិនៃការទម្លាក់គ្រាប់បែកបរមាណូ និងព្រឹត្តិការណ៍សោកនាដកម្ម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ១៩៤៥ ។
អាមេរិកបានទម្លាក់គ្រាប់បែកទីពីរលើទីក្រុង Nagasaki បីថ្ងៃក្រោយមក។ មនុស្សប្រហែល ២១ម៉ឺននាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានលើកឡើងថាបានស្លាប់ នៅចុងឆ្នាំ ១៩៤៥ ជាលទ្ធផលនៃការវាយប្រហារ៕ ប្រភពពី Japantimes ប្រែសម្រួល៖ សារ៉ាត