អណ្តើកហ្លួងសត្វដ៏កម្រ ធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជា រហូតដល់ឆ្នាំ២០០០ទើបរកឃើញឡើងវិញ
ភ្នំពេញ៖ អណ្តើកហ្លួងជាប្រភេទសត្វឧរង្គសត្វតំណាងឲ្យប្រទេសកម្ពុជា ធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការសមាគមន៍អភរិក្សសត្វព្រៃប្រចាំកម្ពុជា (WCS) បានសិក្សាស្រាវជា្រវ និងរក ឃើញចំនួនសេសសល់តិចតួច របស់វាមាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។

បើយោងតាមទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២០ ខែ ឧសភាថា៖ក្នុងអំឡុង ឆ្នាំ២០០២ រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសម្បុក ដោយមានការចូលរួមពីប្រជាជនសហគមន៍ រស់នៅក្នុងស្រុកស្រែអំបិល ដោយបានជ្រើសរើសយកអតីតអ្នកប្រមូលពង និងកូនសត្វអណ្តើកហ្លួង ឲ្យចូលបម្រើការងារជាបុគ្គលិក គម្រោងដើម្បីស្វែងរក និងការពារសម្បុកសត្វអណ្តើកហ្លួងជំនួស ឲ្យការប្រមូលយកពងកូនយកទៅលក់។

ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថាអណ្ដើកហ្លួង ត្រូវបានរងការគំរាមកំហែងដោយការបាត់បង់ព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ប្រភេទហាមឃាត់ ការនេសាទក្នុងតំបន់ហាមឃាត់ជាដើម ជាពិសេសការបូមខ្សាច់ខុសច្បាប់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន។ បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន ១៨១ក្បាល ហើយអណ្ដើកហ្លួងដែលមានអាយុចាប់ពីមួយឆ្នាំឡើងមានចំនួន១៦០ក្បាល។

គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៥មក ក្រុមការងារបានលែងអណ្តើកហ្លួងជំទង់ចំនួន ១៦៧ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ។ អណ្តើកជំទង់និងស្ទើរជំទង់នៅក្នុងមជ្ឈមណ្ឌលត្រូវបានក្រុមការងារចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ពូជចំនួន ៤ ចំណែកឯកូនអណ្តើកតូចៗត្រូវបានដាក់ចិញ្ចឹមនៅក្នុងធុងប្លាស្ទិកមុននឹងផ្ទេរចូលក្នុងស្រះបង្កាត់ពូជ ៕ ដោយ ៖ ម៉ាដេប៉ូ

