លោក សួន សេរីរដ្ឋា៖ សន្តិភាពជាសរសរស្តម្ភ ជាបិតានៃលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសមានសន្តិភាព គឺមាននូវអ្វីៗទាំងអស់
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានបញ្ជាក់ថា សន្តិភាពជាសរសរស្តម្ភ ជាបិតានៃលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសមានសន្តិភាព គឺមាននូវអ្វីៗទាំងអស់។ ការបញ្ជាក់នេះ ក្នុងវេទិកាសាធារណៈក្រោមប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័យស្រុកស្វាយចេក ដែលមានយុវជន សិស្ស ប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ចូលរួមសរុបជិត៥០០នាក់។ វេទិកាសន្តិភាពកម្ពុជា សហការជាមួយរដ្ឋបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រៀបចំវេទិកាសាធារណៈ។

ក្នុងវេទិកានេះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានលើកពីប្រវត្តិកសាងសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់យ៉ាងដោយយកជីវិតធ្វើជាដើមទុនយកមកឲ្យប្រជាជនខ្មែរ អំពីគុណតម្លៃនៃសន្តិភាព និងកាតព្វកិច្ចការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋព្រមទាំងយុវជន ក្នុងការការពារសន្តិភាព កុំឱ្យបាត់បង់។

លោក សួន សេរីរដ្ឋា ក៏បានរំលេចផងដែរថា មិនមែនប្រទេសយើងមិនធ្លាប់ទទួលបានសន្តិភាពទេ តែដោយសារយើងភ្លេចខ្លួនមិនបានចូលរួមជាកាតព្វកិច្ចការពារសន្តិភាព ទើបយើងបាត់បង់ គឺក្រោយបែកបាក់សង្គមរាស្ត្រនិយម ដែលដឹកនាំដោយព្រះករុណា អតីតព្រះបរមរតនកោដ្ឋនៃយើង។ ដូច្នេះសូមយុវជនយើង ប្រជាពលរដ្ឋយើង ត្រូវរួមគ្នាបំពេញកាតព្វកិច្ចការពារសន្តិភាពម្តងទៀតកុំឱ្យបាត់បង់ ដោយត្រូវទៅចូលរួមបោះឆ្នោតដើម្បីសន្តិភាព និងអនុវត្តវិធាន «គ-៣» គឺ ៖ គិតត្រូវ គូសត្រូវ និងគាំទ្រត្រូវ ដើម្បីប្រទេសយើងមានសន្តិភាព បន្តទទួលបានការអភិវឌ្ឍ និងអាចឲ្យពិភពលោកស្ញបស្ញែងកម្ពុជា នៅក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន៕
ដោយ៖ពលជ័យ