រដ្ឋមន្រ្តីក្រសួងអប់រំ៖ ជិតបីទសវត្ស កម្ពុជាបានបញ្ជូននិស្សិតអាហារូបករណ៍ទៅរៀននៅបារាំងជាង១.២០០នាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា នៅក្នុងរយៈពេលបីទសវត្សមកនេះ កម្ពុជាបានបញ្ជូននិស្សិតអាហារូបករណ៍ទៅសិក្សានៅបារាំងជាង១.២០០នាក់ហើយ ដោយភាគច្រើននៃអតីតនិស្សិតសិក្សានៅប្រទេសបារាំង បានត្រលប់មកមាតុប្រទេសវិញ ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងពិធីជួបជុំអតីតតនិស្សិតដែលធ្លាប់បានសិក្សានៅប្រទេសបារាំងឬទទួលបានសញ្ញាប័ត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំង កាលពីល្ងាចថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ដែលបានរៀបចំដោយស្ថានទូតបារាំងប្រចាំកម្ពុជា បណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងថា អាហារូបករណ៍ដែលនិស្សិតកម្ពុជាទទួលបាន គឺជាការផ្តល់ដោយរដ្ឋាភិបាលបារាំង។
នៅក្នុងនោះចាប់តាំងពីឆ្នាំ២០១៧មក ក្រសួងបានសហការជាមួយស្ថានទូត សម្រេចផ្តល់អាហារូបករណ៍ពិសេសមួយសម្រាប់ថ្នាក់បណ្ឌិតខាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅប្រទេសបារាំង។ បណ្ឌិតថា៖«យើងមាននិស្សិតសិក្សាថ្នាក់បណ្ឌិតបណ្ឌិតនៅបារាំង២៧នាក់ហើយ ដែលបាន និងកំពុងសិក្សានៅប្រទេសបារាំង។ ជារួម យើងឃើញថានិស្សិត ដែលបានទៅរៀននៅប្រទេសបារាំង គាត់បានទទួលសញ្ញាបត្រហើយ គាត់ត្រលប់មកវិញមកចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាឡើងវិញ»។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកចិត្តដល់និស្សិតកម្ពុជាទាំងអស់ ដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស ជាពិសេសប្រទេសបារាំង ត្រូវមានឆន្ទៈមោះមុតក្នុងការសិក្សារៀនសូត្រ ជាពិសេសរៀនបារាំងឱ្យបានស្ទាត់ជំនាញ ដើម្បីជាដើមទុន ក្នុងការបន្តការសិក្សានៅក្នុងប្រទេសនេះ។

នាឱកាសនោះដែរ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានរំឮកអំពីភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនៃប្រទេសបារាំង និងប្រទេសកម្ពុជា។

លោកបន្តថា បន្ថែមលើកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្តជាច្រើនរវាងវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ(IRD) មជ្ឈមណ្ឌល CIRAD និងសកលវិទ្យាល័យនានារបស់កម្ពុជា បច្ចុប្បន្ននៅប្រទេសកម្ពុជា និស្សិតអាចទទួលបានសញ្ញាបត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំងនៅលើជំនាញជាច្រើនតាមរយៈការបណ្តុះបណ្តាល់ជាភាសាបារាំងនៅតាមសាកលវិទ្យាល័យកម្ពុជាចំនួន៤ គឺសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

សូមជម្រាបថា ទិវាអតីតនិស្សិតដែលធ្លាប់បានសិក្សានៅបារាំងត្រូវបានបានធ្វើឡើង ដើម្បីបង្ហាញពីគុណភាពនៃការបណ្តុះបណ្តាលលើជំនាញផ្សេងៗនៅប្រទេសបារាំង រួមទាំងពីសមិទ្ធផលសម្រេចបាននៅលើទ្វីបទាំងប្រាំ។ ព្រឹត្តិការណ៍នេះរំលេចពី ភាពសម្បូរបែបនៃការសិក្សារបស់អតីតនិស្សិត ពិសេសអតីតនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង ក៏ដូចជាភាពជោគជ័យនៃអាជីពការងាររបស់ពួកគេ។ កម្មវិធីនេះបង្ហាញពីភាពរស់រវើកនៃបណ្តាញ France Alumni ដែលត្រូវបានបង្កើតនៅឆ្នាំ២០១៤ ហើយបច្ចុប្បន្នមានសមាជិកជាង៣៧០ ០០០នាក់នៅលើពិភពលោក។

គួររំឮកផងដែរថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបារាំងតាមរយៈស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា បានផ្ដល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជា សម្រាប់បន្តការសិក្សានៅប្រទេសបារាំង នៅលើជំនាញមួយចំនួនរួមមាន នីតិសារធារណៈ និងនីតិអន្តរជាតិ សេដ្ឋកិច្ច ភាសាវិទ្យា ប្រវត្តិវិទ្យា បុរាណវិទ្យា នរវិទ្យា បរិស្ថានវិទ្យា វិទ្យាសាស្ត្រវិស្វកម្ម មេកាត្រូនិច ទូរគមនាគមន៍និងបណ្តាញ វិស្វកម្មថាមពល វិស្វកម្មឧស្សាហកម្ម ឬ វិស្វកម្មចំនីអាហារ វិស្វកម្មទឹក និងបរិស្ថាន សិល្បៈ ឌីស្សាញ ការច្នៃម៉ូត តន្ត្រី ស្ថាបត្យកម្ម និងជំនាញ3D ជាដើម៕ ដោយ៖ វណ្ណ សុជាតា

ads banner