ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពាក់ស្នែង ក្រើនរំឭកឲ្យសមាជិកបក្សនៅមូលដ្ឋាន ខិតខំបំពេញការងារបញ្ចៀសការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ
សៀមរាប៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា ២០២៣ និងទិសដៅបន្ត ដែលធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម ខៀវ ឆេន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអង្គរធំ ឯកឧត្តម ស ថាវី ប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំពាក់ស្នែង បានក្រើនរំឭកដល់សមាជិកបក្សនៅមូលដ្ឋាន ត្រូវខិតខំអនុវត្តការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ចៀសវៀងការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្ដម ស ថាវី បន្តថា រយៈពេលកន្លងទៅ សមាជិករបស់គណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានដែលមានមុខនាទីជាអ្នកបម្រើសេវាសាធារណៈនៅក្នុងឃុំសង្កាត់ ជាមេភូមិ ជាមេឃុំ ចៅសង្កាត់ សុទ្ធតែបានអនុវត្តការងារបានយ៉ាងល្អប្រសើរ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ប្រធានកិត្តិយសគណបក្សនៅមូលដ្ឋានរូបនេះ បានធ្វើការក្រើនរំឭកដល់អ្នកទាំងនោះត្រូវខិតខំបំពេញការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេសក្នុងការជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅថ្នាក់មូលដ្ឋានឲ្យអស់លទ្ធភាពតែម្តង។ ជាមួយគ្នានោះ ឯកឧត្តម ស ថាវី បានចែកជូននៅកាបូបដ៏ស្រស់ស្អាតម្នាក់១ៗ និងថវិកាមួយចំនួនដល់សមាជិកសមាជិកាបក្សដែលបានចូលរួមផងដែរ ៕ ដោយ ស៊ាន សុផាត