សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាសន្តិភាព និងការពារឆ្នាំងបាយរបស់បងប្អូនបាន
ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាសន្តិភាព និងការពារនូវឆ្នាំងបាយរបស់បងប្អូនបាន ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានចំអកឲ្យគណបក្សនយោបាយមួយចំនួន ដែលតែងតែអួតអាង និងសន្យា ខ្យល់ក្នុងការដំឡើងប្រាក់ខែដល់បងប្អូនកម្មករ-កម្មការិនី ខណៈការសន្យាបែបនេះ រាជរដ្ឋាភិបាលពុំដែលបាននិយាយនោះទេ គឺមានតែដំឡើងជូនដល់ពួកគាត់តាមជាក់ស្តែង តាមរយៈគោលនយោបាយបន្តិចម្តងៗ។
សម្តេច បានយកឱកាសអំពាវនាវវដល់បងប្អូនកម្មករ-កម្មការិនី បន្តចូលរួមការពារ សុខសន្តិភាពឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាបាន ហើយមានតែគណបក្សប្រជាជនទេ ដែលការពារនូវឆ្នាំងបាយរបស់បងប្អូននោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណដល់ប្រធានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលបានទាក់ទាញរោងចក្រមកក្នុងខេត្តនេះដល់បច្ចុប្បន្នមានចំនួន ១៧៥ រោងចក្រ ដែលបានផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់។ ដូច្នេះសម្ដេច ណែនាំឱ្យការពារតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យបាន ដើម្បីជំរុញដល់ការទាក់ទាញរោងចក្រមកបន្ថែមទៀត ៕ ដោយ ៖ ស៊ូ វណ្ណលុក ,វេង លឹមហួត ,សួង ពិសិដ្ឋ