លោក ចូ បៃដិន បង្ហាញពីគម្រោងជំនួយយោធាតម្លៃ ៣៧៥ លានដុល្លារទៅឱ្យអ៊ុយក្រែន

អាមេរិក: ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃជាទឹកប្រាក់ស្មើនឹង ៣៧៥ ដុល្លារអាមេរិក ទៅឱ្យអ៊ុយក្រែន ហើយលោកក៏បានប្រាប់ទៅកា ន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ថា សហរដ្ឋអាមេរិកកំពុងខិ តខំគ្រប់មធ្យោបាយដើម្បីជួយពង្រឹងប្រព័ន្ធការពាររបស់ប្រទេសអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ី។

ក្នុងជំនួបជាមួយមេដឹកនាំអ៊ុយក្រែន នៅខាងក្រៅកិច្ចប្រជុំកំពូល G7 របស់មេដឹកនាំពិភពលោកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន លោក បៃដិន បានលើកឡើងថា ៖ «កញ្ចប់ជំនួយយោធាទាំងនោះរួមមាន គ្រាប់រំសេវ កាំភ្លើងធំ រថពាសដែក និងការហ្វឹកហាត់ប្រើប្រាស់សព្វាវុធយោធាទាំងអស់ នោះជាដើម»។

លោក បៃដិន បាននិយាយទៅកាន់លោក ហ្សេលេនស្គី ថា «ក្រុមប្រទេស G7 ទាំងអស់ នឹងស្ថិតនៅចាំជួយពីខាងក្រោយរបស់អ៊ុយក្រែនជានិច្ច ហើយខ្ញុំសន្យាថា យើងនឹងមិនទៅណាចោលអ៊ុយក្រែននោះទេ»។
នៅក្នុងកិច្ចប្រជុំ លោក បៃដិន ក៏បានសង្កត់ធ្ងន់ទៅលើការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក ក្នុងការជួយបណ្ដុះប ណ្ដា ល ស មត្ថភាពយោធារបស់អ៊ុយក្រែនក្នុងរយៈពេលវែង ដើម្បីការពាររារាំងពីការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី នេះបើយោងតាមការលើកឡើងរបស់សេតវិមាន។
លើសពីនេះ លោក បៃដិន ក៏បានពិភាក្សាអំពីការរួមសហការគ្នារវា ងសហរដ្ឋអាមេរិកជាមួយប្រទេសសម្ព័ន្ធមិត្ត និងប្រទេសដៃគូ ដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែន ក្នុងការបើកយន្តហោះចម្បាំងជំនាន់ទីបួន ដូចជាយន្តហោះប្រភេទ F-16 ជាដើម។
យោងតាមការិយាល័យរបស់លោក ហ្សេលេនស្គី បានឱ្យដឹងថា លោកបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់កញ្ចប់ជំនួយយោធាថ្មីនេះ និងជំនួយហិរញ្ញវត្ថុផ្សេងទៀតដែលធ្លាប់បានជួយកន្លងមក ដោយគិតមកដល់បច្ចុប្បន្ន វាមានចំនួនរហូតដល់ទៅ ៣៧ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។
គួរដឹងដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញ លោក បៃដិន បានឱ្យដឹងដែរថា លោកបានទទួលការធានាពីលោក ហ្សេលេនស្គី ថាអ៊ុយក្រែននឹងមិនប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលផ្តល់ដោយលោកខាងលិច ដើម្បីហោះចូលទៅវាយប្រហារនៅលើទឹកដីរុស្ស៊ីនោះទេ ពោលគឺយន្តហោះចម្បាំងប្រភេទ F-16 នេះអាចត្រូវបានដាក់ពង្រាយនៅគ្រប់ទីកន្លែងដែលទាហានរុស្ស៊ីស្ថិតនៅក្នុងទឹកដីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។
លោក បៃដិន បានគូសបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទនេះនឹងមិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេង ក្រៅពីការការពារប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនោះទេ។
 
ដោយឡែក មេដឹកនាំ G7 ទាំងអស់ក៏បានអះអាងសារជាថ្មីផងដែរ អំពីការបន្តគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន និងបានចេញសារព្រមានទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលអះអាងថាបានដណ្តើមយកទីក្រុងបាកមូត (Bakhmut) នៅភាគខាងកើតប្រទេសអ៊ុយក្រែនបានសម្រេច ប៉ុន្តែ យ៉ាងណាក៏ដោយ ទីក្រុងគៀវ (Kyiv) បាន បដិសេធ ការ អះអាងរបស់រុស្ស៊ីខាងលើនេះ។
លោក បៃដិន បានប្រាប់អ្នកសារព័ត៌មានថា លោកក៏បានពិភាក្សាអំពីបញ្ហានេះជាមួយនឹងលោក ហ្សេលេនស្គី ក្នុងអំឡុងពេលនៃកិច្ចប្រជុំដាច់ដោយឡែកមួយផងដែរ ដោយលោកបានរំលេចថា យន្តហោះចម្បាំង F-16 នឹងមិនអាចជួយដល់កងកម្លាំងអ៊ុយក្រែនក្នុងការវាយយកទឹកដីទីក្រុងបាកមូតត្រឡប់មកវិញនោះទេ ប៉ុន្តែយន្តហោះចម្បាំងនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សមត្ថភាពរបស់អ៊ុយក្រែន ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលអនាគត៕
ប្រែសម្រួល:ធា សុខណា
ប្រភព ៖ Biden unveils new $375 million military aid package for Ukraine

ads banner