របរធ្វើនំខ្មែរលក់នៅតែពេញនិយម និង បានទទួលការគាំទ្រច្រើនពីអ្នកភូមិ

ភ្នំពេញ ៖ ប្រភេទនំបុរាណខ្មែរដែលជានំមិនចេះសាបសូន្យ បើទោះបីបច្ចុប្បន្នមាននំពីបរទេសច្រើនប្រភេទវាយលុកទីផ្សារ ប៉ុន្តែ នំខ្មែរបុរាណនៅតែពេញនិយមក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែរទាំងនៅទីក្រុងក៏ដូចជាទីជនបទ។

បច្ចុប្បន្ននំច្រើនប្រភេទរបស់ខ្មែរក្នុងនេះដូចជា នំអាកោ នំគម នំបត់ អន្សមចេក អន្សមជ្រូក នំកង នំផ្លែអាយ នំច័ក្កចាន់។ល។ជានំដែលមានលក់ជាទូទៅតាមទីផ្សារដែលគេឃើញពលរដ្ឋខ្មែរធ្វើលក់ដល់អតិថិជនគ្រប់ទីកន្លែង និងពិសេសពិធីបុណ្យទានសំខាន់ៗគេមិនអាចចៀសផុតពីការប្រើប្រាស់នំទាំងនេះក្នុងពិធីឡើយ។នំខ្មែរក្រៅពីមានរសជាតិឆ្ងាញ់ពិសារហើយ នៅជាទីពេញនិយមបរិភោគមិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទៀតផង។

អ្នកស្រី គង់ មាន គឺជាស្រ្តីមួយរូបដែលតែងធ្វើនំលក់ស្ទើរជារៀងរាល់ថ្ងៃដល់អ្នកភូមិ ដោយអ្នកស្រីបានរកប្រាក់កម្រៃតាមរយៈការលក់នំនេះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារអស់ជាច្រើនឆ្នាំមកហើយ។អ្នកស្រីតែងធ្វើនំច្រើនមុខសម្រាប់ដើរលក់តាមភូមិ ដែលក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលប្រមាណ៦ម៉ឺនរៀល ឬច្រើនជាងនេះជាទៀងទាត់។

ស្រ្តីវ័យ ៥៤ឆ្នាំ ដែលជាអ្នករស់នៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ ដោយអ្នកស្រីបានរៀនចេះពីការធ្វើនំខ្មែរតាមរយៈឪពុកម្តាយតាំងតែពីក្មេងៗមក ដែលឪពុកម្តាយ អ្នកស្រីក៏ជាអ្នកធ្វើនំលក់បែបនេះផងដែរ។

ក្នុងពេលនាំយក នំ ត្នោត និង នំ ផ្លែអាយ ដើរលក់ឱ្យអ្នកភូមិដូចសព្វមួយដង អ្នកស្រី គង់ មាន បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”ខ្ញុំតែងធ្វើនំប្លែកៗលក់ឱ្យអ្នកភូមិពីព្រោះថា បើយើងធ្វើនំដដែលៗលក់គេអាចធុញ ហើយលក់មិនសូវដាច់ទេ តែបើយើងធ្វើនំប្លែកៗឃើញថាដាច់ជាហូរហែ ឥត សូវចេះសល់ទេ។នំខ្ញុំតែងលក់អស់ៗថ្ងៃខ្លះលក់សឹងមិនគ្រប់ថែមទៀត ពិសេសថ្ងៃសៅរ៍ អាទិត្យតែម្តង”។

អ្នកស្រីគង់មានបានប្រាប់ឱ្យដឹងពីការធ្វើនំលក់នេះដែរថា មិនជួបការលំបាកច្រើនទេពីព្រោះថាក្នុងរយៈពេលជាង២០ឆ្នាំមកនេះអ្នកស្រីអាចរកប្រាក់ចំណូលពីការធ្វើនំលក់បានងាយស្រួល និងជាមុខរបរមិនជួបផលប៉ះពាល់ច្រើនដូចមុខរបរដទៃឡើយ។សម្រាប់ផលលំបាកគឺគ្រាន់តែអ្នកស្រីត្រូវធ្វើដំណើរតាមភូមិពីផ្ទះមួយទៅផ្ទះមួយប៉ុណ្ណោះ។

ស្រ្តីដែលតែងវេចធ្វើនំខ្មែរដើរលក់ជាប្រចាំរូបនេះបានបញ្ជាាក់បន្ថែមថា៖«បានជាខ្ញុំប្រកបមុខរបរនេះពីព្រោះថាមានទីផ្សារ ហើយម្យ៉ាង ខ្ញុំក៏ចង់រក្សានិងបង្រៀនពីរបៀបធ្វើនំខ្មែរយើងទៅកូនចៅនិងក្មេងជំនាន់ក្រោយ។ពិសេសជាងនេះគឺក្រៅពីបានចូលរួមអភិរក្សនំខ្មែរហើយ យើងក៏អាចទទួលប្រាក់ចំណេញ ពីការលក់នំប្រចាំថ្ងៃនេះផង»។

ជាងរយៈពេល២០ឆ្នាំនេះ ថា ក្រៅពីការលក់នំប្រចាំថ្ងៃ អ្នកស្រីក៏បានទទួលបញ្ជាទិញពីអ្នករៀបចំកម្មវិធីពិធីបុណ្យទាន ពិធីរៀបអាពាហ៍ពិពាហ៍ ជាច្រើនផងដែរ៕

ដោយ៖​ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner