សម្តេចតេជោ ហ៊ុន សែន ទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន តែនៅរង់ចាំការឆ្លើយរបស់ ជា ប៉ូច
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញតេឡាក្រាម នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ “ខ្ញុំក៍មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរ បើទោះជាខ្ញុំដឹងច្បាស់ថា អ្នកណាជាអ្នកបញ្ជាឲ្យធ្វើនិងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៍ដោយ។ ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូច មួយប៉ុណ្ណោះ”។
សូមជម្រាបថា កាលពីថ្ងៃទី២១ ខែឧសភា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា ” រឿង ជា ប៉ូច បានកើតឡើងច្រើន ថ្ងៃហើយរាប់ទាំង ជា ប៉ូចសរសេរលិខិតមកសុំទោសខ្ញុំកាលពីថ្ងៃ១៥ ឧសភា ២០២៣។ ទាំងសារសម្លេង ជា ប៉ូច ទាំងលិខិត ជា ប៉ូច សុទ្ធតែទទួលស្គាល់ ពាក្យទម្លាក់ ហ៊ុន សែន ឲ្យបាន។ ប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធី ច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការពន្យល់ របស់ ប៉ូច ក្នុងលិខិតថ្ងៃ១៥ ឧសភា ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះខុសគ្នាតែ មាន គោលដៅទម្លាក់ឬផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាត ឬគ្រប់សកម្មភាព ឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។ ប៉ូច អាចប្រើពាក្យ ផ្សេង ទៀត ក្រៅពីពាក្យទម្លាក់ តែប៉ូចនិងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀង រហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។ “
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ” ខ្ញុំមិនទទួលយកការសុំទោស នោះឡើយ ប៉ូចគិតខ្លួនឯងទៅតើគួរធ្វើបែបណា?ដើម្បីខ្លួននិង ក្រុមគ្រួសារ ឬសុខចិត្តសែងខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់។ នៅមានរឿង ដែលអាក្រក់មួយទៀតដែលមនុស្សក្នុងបក្សរៀបចំឡើងជាលិខិត បដិសេធលើការផ្សាយរបស់ហ្វ្រេសញូវ Fresh news ដែលដាក់ថ្ងៃ១៤ ឧសភា ២០២៣ ដើម្បីឲ្យជា ប៉ូច ចុះហត្ថលេខា។ យោងតាមពង្រាងលិខិតនេះគេមានគោលបំណងវាយប្រហារលើអង្គភាព Fresh news និងរក្សាកិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។
តាមព័ត៌មានដែលយើងទទួលបានលិខិតនេះត្រូវបានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោក សេង ម៉ាឌី ធ្វើការពន្យល់។ ខ្ញុំសុំមេធាវីរបស់ខ្ញុំត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណីទាំងករណី ជា ប៉ូច ទាំងករណីលិខិតបដិសេធតែត្រូវរង់ចាំរហូតថ្ងៃ៣០ ឧសភា ២០២៣ ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្តនិងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ សូមភ្ជាប់ជូនសំដី ជា ប៉ូច លិខិតជា ប៉ូច និងលិខិតបដិសេធ”៕
ដោយ៖ពលជ័យ

