យុទ្ធនាការ ចាក់វ៉ាក់សាងំជំងឺឆ្កែឆ្កួត សម្រាប់សត្វឆ្កែដោយឥតគិតថ្លៃ ទូទាំងរាជធានីភ្នំពេញ រយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី២២នេះតទៅ

ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រសកល ថ្នាក់តំបន់ក៏ដូចជាថ្នាក់ជាតិ ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត ដែលគ្មានអ្នកស្លាប់ដោយសារជំងឺឆ្កែឆ្កួតក្នុងឆ្នាំ២០៣០ កម្ពុជាបានចាប់បើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនៅទូទាំងរាជធានីភ្នំពេញ ដែលមានរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ។

លោកស្រី ហេង ម៉ូរ៉ានី អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ ជំងឺឆ្កែឆ្កួតនេះ យើងត្រូវគ្រប់គ្រងករណីសត្វខាំឬខ្វាច ការធ្វើចរាចរសត្វសុនខ ពង្រីកវិធានការចាក់ថ្នាំបង្ការជំងឺ ឆ្កែឆ្កួត ការអនុវត្តអនាម័យល្អក្នុងការចិញ្ចឹមសត្វសុនខ និងពង្រឹងការអប់រំ ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ និងជាពិសេស ជនរងគ្រោះដោយសារសត្វខាំឬខ្វាចឲ្យទៅទទួលការចាក់ថ្នាំបង្ការ។ លើសពីនេះទៅទៀត ក្រុមការងារបច្ចេកទេស ក្រសួងទាំងពីរបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំបង្កើតផែនការសកម្មភាពពហុវិស័យស្ដីពី ការទប់ស្កាត់ និងលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជាក្នុងឆ្នាំ២០៣០ ស្របតាមផែនការយុទ្ធសាស្រ្តសកល និងតំបន់។

លោកស្រីបន្ថែមថា យុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ គឺជាវិធានការដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារទប់ស្កាត់ជំងឺឆ្កែឆ្កួត និងជាសកម្មភាព ដែលបានចាប់ផ្តើមអនុវត្តជាលើកទីមួយក្នុង ព្រះរាជាណាចក្រកម្ពុជាយើង។ ទន្ទឹមនឹងនេះផងដែរ យុទ្ធនាការនេះបានចុះអប់រំណែនាំ ផ្សព្វផ្សាយដល់សាធារណៈ ជនទាំងអស់ដើម្បីបង្កើនការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបទប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ជាក់ស្តែង និងតម្រូវការពិតប្រាកដក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ការចូលរួមក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ ដ៏មានសារៈសំខាន់នាពេលនេះ។

ឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ពួកយើងគួររួមគ្នាទទួលស្គាល់ពីការព្រួយបារម្ភជាសកលមួយ ជុំវិញជំងឺឆ្កែឆ្កួត ដែលជាជំងឺមួយ ដែលផ្តល់ទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងសត្វនៅក្នុងសកលលោក ដែលក្នុងនោះរួមមាន ប្រទេសកម្ពុជាផងដែរ។ លោកថា «ភាពជោគជ័យ នៃការងារគ្រប់គ្រងជំងឺឆ្កែឆ្កួត គឺអាចធ្វើទៅបាន ដោយអាស្រ័យទៅ លើការកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដោយមានការទទួលស្គាល់ថា បញ្ហាជំងឺឆ្កែឆ្កួត គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយផងដែរសម្រាប់កម្ពុជា»។

គួរបញ្ជាក់ផងដែរថា ជំងឺឆ្កែឆ្កួត គឺជាជំងឺដ៏កាចសាហាវមួយ ដែលផ្តល់ផលប៉ះពាល់ដល់សត្វ និងប្រជាជនក្នុងប្រទេសកម្ពុជា ។ ជាង 99% នៃការស្លាប់របស់មនុស្ស ដោយជំងឺឆ្កែឆ្កួត គឺបណ្តាលមកពីសត្វឆ្កែ ដែលមានជំងឺឆ្កែឆ្កួតខាំ ប៉ុន្តែតាមរយៈការចាក់វ៉ាក់សាំងបង្ការដល់សត្វឆ្កែ ពួកយើងអាចលុបបំបាត់ជំងឺនេះ និងជួយសង្គ្រោះជីវិតមនុស្សបាន។
ចាប់ពីថ្ងៃទី ២២ ខែ ឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយនឹងអង្គការ Mission Rabies និងអង្គការ Animal Rescue Cambodia ក៏ដូចជាដៃគូក្នុងស្រុកផ្សេងៗ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្កែដោយឥតគិតថ្លៃនៅទូទាំងរាជធានីភ្នំពេញ ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner