ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សាចំនួន ១១ ចុះកិច្ចសហប្រតិបត្តិការ ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សាចំនួន ១១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត ។ ពីធិនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
កិច្ចព្រមព្រៀងជាមួយគ្រឹះស្ថានឧត្តមសិក្សាទាំង ១១ មានគោលបំណង ១) ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្ដមសិក្សាចេញដោយគ្រឹះស្ថានឧត្ដមសិក្សានីមួយៗ ២) រៀបចំប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សាតាមបច្ចេកវិទ្យាឌីជីថល ៣) រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិត សម្រាប់ការប្រើប្រាស់ក្នុងគ្រឹះស្ថាន និង ៤) សហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល។
ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហការរបស់គ្រឹះស្ថានឧត្ដមសិក្សាទាំង ១១ ជាមួយនឹង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាការចូលរួមចំណែកអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង “ការចាត់ទុកឌីជីថលូបនីយកម្មក្នុងវិស័យសាធារណៈនិងឯកជន ជាការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល”។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដោយ ឯកឧត្ដម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និងគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១ តំណាងដោយ សាកលវិទ្យាធិការ និងនាយកវិទ្យាស្ថាន រួមមាន , សាកលវិទ្យាល័យភូមិន្ទភ្នំពេញ , សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ , វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា , វិទ្យាស្ថានជាតិអប់រំ , សាកលវិទ្យាល័យជាតិបាត់ដំបង , សាកលវិទ្យាល័យជាតិមានជ័យ , សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ , វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម , វិទ្យាស្ថានកំពង់ឈើទាល និង , សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ។
គួរបញ្ជាក់ថា ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា



