ចុងខែឧសភា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាទាញព្រ័ត្រនឹងរៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពអត្តលិកត្រៀមការប្រកួតអន្តរជាតិនិងស៊ីហ្គេមឆ្នាំ២០២៥
ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្រកាសថា នឹងរៀបចំការប្រកួត កីឡាទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧស នៅរង្វង់មូលនាងមច្ឆា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីវាស់ស្ទង់សមត្ថភាពអត្តពលិកផង ដើម្បីពង្រឹងគុណភាពនៃប្រភេទកីឡានេះឲ្យកាន់តែប្រសើរឡើង ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ឲ្យទទួលបានគុណផលខ្ពស់ ។
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងលើ៤វិញ្ញាសា គឺ ៖ វិញ្ញាសា បុរស ៨នាក់ ទល់ ៨នាក់ទម្ងន់ ៦០០kg វិញ្ញាសានារី ៨ នាក់ ទល់ ៨នាក់ទម្ងន់ ៥០០kg វិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ទម្ងន់ ៣០០kg និង វិញ្ញាសានារី ៤នាក់ ទល់ ៤នាក់ ទម្ងន់ ២៥០kg។
ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានអំពាវនាវ ដល់ប្រធានសមាគមក្លិបកីឡាទាញព្រ័ត្រ ក្រសួង ស្ថាន័ន រាជធានីខេត្ត សូមបញ្ជូនប្រតិភូគ្រូបង្វឹក កីឡាករកីឡាការិនី របស់ខ្លួនមកចូលរួមប្រកួត ឲ្យបានច្រើនកុះករ ដើម្បីគណៈកម្មការរៀបចំអាចជ្រើសបាន កីឡាករកីឡាការិនីមានសម្ថភាពខ្ពស់ យកទៅបំប៉នបច្ចេកទេសបន្ថែម សម្រាប់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាឲ្យទទួលបានជោគជ័យ។
សម្រាប់ការដាក់ពាក្យចូលរួម នឹងចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីល្ងាច នៅទីស្នាក់ការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ស្ថិតក្នុងអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាន់ទី៣ បន្ទប់លេខ៣ ដោយភ្ជាប់មកជាមួយនូវ ៖ ១-ពាក្យចូលរួមប្រកួត ចំនួន ០២ ច្បាប់ កិច្ចសន្យា០២ ច្បាប់ បញ្ជីរាយនាម ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ០២ ច្បាប់
និង អាល់ប៊ុមបិទរូបថតថ្មីទំហំ 4cm x 6cm ចំនួន ២ ដែលមាន រូបថតប្រតិភូ កីឡាករ កីឡាការិនី ទំហំ 4cm x 6cm ម្នាក់ៗ ០២សន្លឹក។ ចំពោះព័ត៌មានលម្អិត សូមអញ្ជើញទំនាក់ទំទងមក សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ឬតាមរយៈ Telegram ទូរស័ព្ទលេខ ០៦៦ ៦៩ ៧៨ ៧៩, ០១០ ៨៨ ៩៨ ៩៤៕ ជាវ ចន្ធូ


