លោក Zelensky ប្រៀបធៀបការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា ដូចស្ថានភាពអ៊ុយក្រែន
ហ៊ីរ៉ូស៊ីម៉ា៖ លោក Zelensky និង Kishida បានដាក់កម្រងផ្កានៅឧទ្យានអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ដោយក្នុងពេលនោះ លោកធៀបករណីទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា ដូចស្ថានភាពអ៊ុយក្រែន បច្ចុប្បន្ន។
នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដាក់កម្រងផ្កាសម្រាប់ជនរងគ្រោះដោយសារគ្រាប់បែកបរមាណូ ក្នុងពិធីមួយនៅឧទ្យានអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា។ ជាការចូលរួមគោរព កាលពីល្ងាចថ្ងៃអាទិត្យ ក្រោយពេលដែលលោកបានចូលរួមកិច្ចប្រជុំកំពូលនៃប្រទេស G7 ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទៅទស្សនាឧទ្យានអនុស្សាវរីយ៍សន្តិភាព ស្ថិតក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដើម្បីគោរពដល់ជនរងគ្រោះនៃការទម្លាក់គ្រាប់បែកបរមាណូ ឆ្នាំ ១៩៤៥ ។
លោក Zelenskyy បានដាក់កម្រងផ្កា និងថ្វាយការបួងសួង នៅឧទ្យានអនុស្សាវរីយ៍សន្តិភាព ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។
លោក Zelenskyy បាននិយាយថា លោកគូរវាសស្របគ្នារវាងការបំផ្លិចបំផ្លាញនៃទីក្រុង Hiroshima ទៅនឹងស្ថានភាពនៅអ៊ុយក្រែន នៅពេលដែលខ្លួនចូលរួមក្នុងជម្លោះបង្ហូរឈាមជាមួយរុស្ស៊ី។
លោកបាននិយាយថា ទីក្រុងរបស់ខ្លួន ឥឡូវនេះ ស្រដៀងនឹងរូបថតដែលគាត់បានឃើញ ពីទីក្រុងប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន បន្ទាប់ពីការទម្លាក់គ្រាប់បែក នៅឆ្នាំ ១៩៤៥។
លោក Zelenskyy ក៏បានសម្តែងការដឹងគុណចំពោះប្រជាជនជប៉ុន និងការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ុយក្រែន៕ ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

