សម្តេចតេជោ ហ៊ុន សែន៖ អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ឆ្លើយតបទៅនឹងតម្រូវការសេវាសុខភាពសាធារណៈ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ឆ្លើយតបនឹងតម្រូវការសេវាសុខភាពសាធារណៈ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូចនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការកសាងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ពិតជាមានទំនាក់ទំនងជាមួយសម្តេចពិតប្រាកដមែន ដែលកាលណោះ សម្តេចបានយកម្តាយក្មេកសម្តេច មកសង្គ្រោះនៅទីនេះ។
សម្តេចបញ្ជាក់ថា អគារតេជោអភិវឌ្ឍន៍នេះ ជាអគារថ្មី ដែលត្រូវបានសាងសង់ឡើង ដោយបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នាំចូលមកពីប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈនៅកម្ពុជា ។
សម្ដេចតេជោ ក៏បានរម្លឹកអំពីគំនិតផ្ដួចផ្ដើមសាងសង់អគារមន្ទីរពេទ្យកាល់ម៉ែតនេះ ដោយ នាអំឡុខែវិច្ឆិកាឆ្នាំ២០១៩ រាជរដ្ឋាភិបាល មានថវិកាសន្សំ ៣៥០០លានដុល្លារ ក្រោយពេលដែលបានដក ៤០០លានដុល្លារទៅអភិវឌ្ឍន៍លើម៉ាស៊ីនភ្លើង និងជាង ១០០លានដុល្លារទៀតបានយកទៅអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ សម្ដេច បានឱ្យដកថវិកា ៣០លានដុល្លារ ដើម្បីមកកសាងមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយនឹងថវិកាសប្បុរជនប្រមាណ ២២៥នាក់ ដែលមានថវិកាជាង ៧២លានដុល្លារផងដែរ។
សូមជម្រាបថា អគារមជ្ឈមណ្ឌលពហុឯកទេសនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីដើមខែមីនា ឆ្នាំ២០១៨ កន្លងទៅ។ អគារទំនើបថ្មីមួយនេះមានប្រមាណ៤៦៥គ្រែ និងមានបន្ទប់វះកាត់ចំនួន១០ ដោយបំពាក់បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបទៀតផង៕ ដោយ វណ្ណលុក,វេង លឹមហួត,សួង ពិសិដ្ឋ