កងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រកាសគាំទ្ររាជរដ្ឋាភិបាល លើគម្រោងស្ថាបនាព្រែកជីក តភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា
កំពង់ធំ៖ កងកម្លាំងយោធានៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសគាំទ្ររាជរដ្ឋាភិបាល លើគម្រោងស្ថាបនាព្រែកជីក តភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដែលមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងការធ្វើចរាចរណ៍ផ្សេងៗ ដែលគ្រោងចំណាយថវិកាជាង ១.៧០០លានដុល្លារ ហើយត្រូវប្រើប្រាស់រយៈពេលបួនឆ្នាំ ក្នុងការស្ថាបនាព្រែកជីកនេះ ។
ការប្រកាសគាំទ្រដូច្នេះរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងមានជាអាទិ៍ យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិសាសនានិងព្រះមហាក្សត្រ នឹងត្រូវត្រៀមខ្លួនព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យទទួលបានជោគជ័យ៕ ដោយ ប៊ុន រដ្ឋា


