ចិនរឹតបន្តឹងផ្នែកសន្តិសុខលើក្រុមហ៊ុន Micron របស់សហរដ្ឋអាមេរិក

សៀងហៃ៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Micron Technology របស់សហរដ្ឋអាមេរិកប្រចាំទីក្រុងសៀងហៃ បច្ចុប្បន្នកំពុងរងសម្ពាធពីប្រទេសចិន ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ។

រដ្ឋបាលសន្តិសុខតាមអ៊ីនធឺណិតរបស់ចិន (CAC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតផលរបស់ក្រុមហ៊ុន Micron មានបញ្ហាសុវត្ថិភាពខ្ពស់ ដែលបង្កហានិភ័យសន្តិសុខដ៏សំខាន់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេសចិន។ ក្នុងឆ្នាំ២០២១ ប្រទេសចិនបានប្រកាសច្បាប់ការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ជាមួយនឹងតម្រូវការការពារសុវត្ថិភាពទិន្នន័យកាន់តែតឹងរ៉ឹង។

ហើយថ្មីៗនេះ ចិនក៏បានពង្រឹងការអនុវត្តផ្នែកសុវត្ថិភាពទិន្នន័យ និងច្បាប់ប្រឆាំងចារកម្មផងដែរ។ នៅឆ្នាំ២០២១ ប្រទេសចិនបាននាំចូលបន្ទះឈីបមានតម្លៃ៤៣០ពាន់លានដុល្លារ។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Micron បានបង្ហាញថា ប្រហែល១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំ៣០,៨ពាន់លានដុល្លាររបស់ Micron កាលពីឆ្នាំ២០២២ បានមកពីប្រទេសចិន។

បន្ទះឈីបគឺជាសរសៃឈាមនៃសេដ្ឋកិច្ចពិភពលោកក្នុងយុគសម័យទំនើបនេះ ដោយផ្តល់ថាមពលគ្រប់បែបយ៉ាងចាប់ពីរថយន្ត រហូតដល់ស្មាតហ្វូន ហើយបន្ទះឈីបត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាឧស្សាហកម្មសកលមានតម្លៃមួយទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner