ក្រសួងទេសចរណ៍គ្រោងនឹងសហការជាមួយក្រុមហ៊ុនអន្តរជាតិមួយ ផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនដោយផ្ទាល់
ភ្នំពេញ៖ ក្រសួងទេសចរណ៍ គ្រោងនឹងបើកកិច្ចសហការជាមួយUnionPay អន្តរជាតិ ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនដោយផ្ទាល់តាមបណ្តាញសង្គម និងតាមរយៈឌីជីថល Marketing ពិសេសប្រើបណ្តាញរបស់ UNIONPAY ដែលមានធនាគារនៅចិន នៅអាស៊ីអាគ្នេយ៍ និងអនឡាញ។
គម្រោងសហការគ្នានេះ ត្រូវបានពិភាក្សាគ្នា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ រវាងឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Cai Huiming នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ UnionPay អន្តរជាតិ នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា កិច្ចពិភាក្សានេះ ទើបតែបានធ្វើឡើងជាលើកដំបូងតែប៉ុណ្ណោះ ដោយមិនទាន់មានការសម្រេចណាមួយទៅលើកិច្ចសហការនេះទេ។អ្វីដែលគណៈប្រតិភូខាង UnionPay អន្តរជាតិ ដែលបានមកជួបជាមួយខាងក្រសួងពីម្សិលមិញនេះ (២២ ឧសភា) ជាការជួបគ្នាលើកដំបូង ដោយភាគីទាំងពីរ បានពិភាក្សាពីលទ្ធភាពក្នុងការចាប់ផ្តើមកិច្ចសហការលើការងារ China Ready ដូចជាការទូទាត់តាមឌីជីថល ផ្សព្វផ្សាយ China Ready កម្ពុជា, ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់ប្រតិបត្តិករទេសចរណ៍ និងជំរុញកម្មវិធី Cambodia Pass។
ឯកឧត្តមបានបន្ថែមថា លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នា លើកិច្ចសហការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនដោយផ្ទាល់ តាមបណ្តាញសង្គម និងតាមរយៈឌីជីថល Marketing ពិសេសប្រើបណ្តាញរបស់ UNIONPAY ដែលមានធនាគារនៅចិន នៅអាស៊ីអាគ្នេយ៍ និងអនឡាញផងដែរ ដោយសារតែស្ថាប័នជាប្រព័ន្ធទូទាត់អន្តរជាតិមួយ ដូចនេះដើរតួសំខាន់ដែរ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច រួមទាំងទេសចរណ៍។
ឯកឧត្តម អាំង សុវណ្ណរ័ត្ន បានបញ្ជាក់ថា ភ្ញៀវទេសចរជាច្រើនអាចធ្វើការទូទាត់តាមរយៈ UNIONPAYនេះ នៅលើទីផ្សារកម្ពុជារបស់យើង ពិសេសនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ហើយលោក Cai Huiming ក៏បានស្នើដែរថាគាត់ចង់ចូលរួមជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយរួមគ្នាតាមរយៈការផលិតវីដេអូខ្លីៗ សម្រាប់ការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ពិសេសតិកតតុក(Tiktok) ដើម្បីទាក់ទាញទេសចរចិនឱ្យមកកម្ពុជាបន្ថែមទៀត។
លោកបានបន្ថែមថា វាក៏ជាការអនុវត្តរួមគ្នាក្នុងការផ្សព្វផ្សាយផ្សេងទៀត តាមរយៈឌីជីថល Marketing ដែលអាចនឹងមានការសហការរវាងស្ថាប័នផ្សព្វផ្សាយ(Media) នៃប្រទេសទាំងពីរ(ចិន និងកម្ពុជា) ដើម្បីធ្វើការផ្សព្វផ្សាយពីគោលដៅទេសចរណ៍រវាងគ្នាទៅវិញទៅមក ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ ដោយកិច្ចការនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា យល់ស្របថា បើសិនជាកិច្ចសហការនេះ អាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះមែន វានឹងផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ពិភពលោក ជាពិសេសប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជា។
លោក ប្រាប់ឱ្យដឹងថា ៖ «វាជារឿងល្អសម្រាប់កម្ពុជាយើង ព្រោះថាការផ្សព្វផ្សាយនឹងកាន់តែទូលំទូលាយពីគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។ ដូចដឹងស្រាប់ហើយ ព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅថ្មីៗនេះ បានជួយផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ឆាកអន្តរជាតិច្រើនណាស់ ហើយនៅពេលដែលយើងមានកិច្ចសហការជាមួយស្ថាប័នអន្តរជាតិ ក្នុងការផ្សព្វផ្សាយបន្ថែមទៀតបែបនេះ ច្បាស់ណាស់ វិស័យទេសចរណ៍កម្ពុជា នឹងឆាប់វិលមកភាពប្រសើរឡើងវិញ»។
គួររម្លឹកថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ធ្លាប់បានប្រាប់ថា អង្គការទេសចរណ៍ពិភពលោកធ្លាប់បានលើកឡើងថា ក្នុងចំណោមប្រជាជនចិនទាំងជាង ១,៤ ពាន់លាននាក់ គឺអ្នកមានលទ្ធភាពចេញដើរកម្សាន្តនៅក្រៅប្រទេស មានប្រហែល ៣០០ លាននាក់ ខណៈកាលពីឆ្នាំ ២០១៩ គឺមានអ្នកចេញដើរលេងក្រៅប្រទេសប្រហែល ១៥០ លាននាក់ប៉ុណ្ណោះ។
តាមរយៈកំណើនភ្ញៀវទេសចរបរទេសនៅត្រីមាសទី១ បានជំរុញឱ្យឯកឧត្តម រដ្ឋមន្រ្តីវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញ ដូចពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅត្រឹមឆ្នាំ២០២៥ ខាងមុខ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ការហ៊ានវាយតម្លៃបែបនេះ ធ្វើឡើងក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា និងលើសកលលោកមានភាពធូរស្បើយ គួបផ្សំនឹងការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ ជាពិសេសប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំរបស់កម្ពុជា»៕ ដោយ៖ វណ្ណ សុជាតា