ក្រសួងអប់រំបានចាប់ផ្ដើមបើកយុទ្ធនាការតាមកម្រិតវិទ្យាល័យលើកម្មវិធី«លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល»

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមបើកយុទ្ធនាការតាមកម្រិតវិទ្យាល័យ ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សក្នុងសម័យឌីជីថល ខណៈដែលក្រសួងនេះក៏បានដាក់ឱ្យដំណើការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិផងដែរ។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ថា យុទ្ធនាការតាមកម្រិតវិទ្យាល័យ បានចាប់ផ្តើមអនុវត្តជាលើកដំបូងកាលពីថ្ងៃទី២២ ខែឧសភា ដោយធ្វើឡើងនៅវិទ្យាល័យហ៊ុនសែនបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ហើយនិងបន្តទៅកាន់វិទ្យាល័យគោលដៅតាមខេត្តមួយចំនួន រួមនឹងរាជធានីភ្នំពេញផងដែរ។

ការអនុវត្តនូវយុទ្ធនាការតាមកម្រិតវិទ្យាល័យ ធ្វើឡើងតាមរយៈកម្មវិធី «លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ» ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលដៅគាំទ្រដល់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល។

បើតាមក្រសួងអប់រំ យុទ្ធនាការនេះ គឺយុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានធ្វើការចុះជួបផ្ទាល់ជាមួយនឹងសិស្សានុសិស្សនៅថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដោយបានផ្តល់ការបណ្តុះបណ្តាលដល់តំណាងសិស្សថ្នាក់ទាំងនេះ នៅតាមវិទ្យាល័យ ដើម្បីឱ្យសិស្សតំណាងទាំងនោះ អាចយកទៅបន្តផ្សព្វផ្សាយទៅកាន់មិត្តភក្តិនៅក្នុងថ្នាក់របស់ខ្លួនបាន។

ក្រសួងបានបញ្ជាក់ថា ៖ «ការបណ្តុះបណ្តាលទាំងនោះទាក់ទងនឹងចំណុចមួយចំនួនដូចជា ការស្វែងយល់ពីវិធីសាស្រ្តរៀន (Learning how to learn) ដែលមានន័យថា សិស្សានុសិស្សម្នាក់ៗអាចស្វែងរកឃើញវិធីសាស្រ្តរៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជាវិធីសាស្រ្តរៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន»។

ប្រភពដដែលបានបន្តថា ចំណុចមួយទៀតគឺ ការរៀនដោយស៊ីជម្រៅ (Enrichment Learning) ដោយប្រើប្រាស់ធនធានសិក្សាចំរុះ ដែលមានន័យថា សិស្សានុសិស្សអាចចេះប្រើប្រាស់ធនធានសិក្សាដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដើម្បីបំពេញបន្ថែមទៅលើការរៀននៅក្នុងថ្នាក់ជាមួយគ្រូ។

ក្រសួងអប់រំ បានបញ្ជាក់ថា ៖ «ចំណុចសំខាន់មួយទៀតដែរនោះ គឺការបណ្តុះបណ្តាលការរៀនតាមបែបពន្លឿន (Accelerated Learning) សម្រាប់សិស្សថ្នាក់ទី១២ដែលលទ្ធផលនៃការសិក្សានៅទាប ហើយអាចរៀនបំប៉នសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ»។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានប្រាប់ថា បច្ចុប្បន្ននេះ មិនថាតែប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសផ្សេងៗនៅក្នុងពិភពលោកទាំងមូល ប្រសិនបើដើរមិនទាន់សម័យឌីជីថលទេ វាពិបាកក្នុងការអភិវឌ្ឍន៍ខ្លាំងលើគ្រប់វិស័យទាំងអស់។

លោកថា ៖ «ការបញ្ជូល ការបណ្ដុះបណ្ដាលលើកកម្ពស់សិស្សានុសិស្សតាមប្រព័ន្ធឌីជីថលនេះ វាគឺជារឿងចាំបាច់ទាន់សម័យកាល ហើយខ្ញុំលើកទឹកចិត្តឱ្យក្រសួង ធ្វើគ្រប់វិទ្យាល័យសិក្សា គ្រប់ខេត្ត ភូមិ តំបន់ ដើម្បីឱ្យសិស្សទទួលយកការអប់រំបែបនេះ»។

ដោយឡែក ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍនានា ក៏បានសម្ពោធដាក់ឱ្យដំណើរការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិផងដែរនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នាវិទ្យាស្ថានជាតិអប់រំ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងនាពេលនោះថា គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ជាហិរញ្ញប្បទានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលត្រូវបានចុះកិច្ចព្រព្រៀងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

បណ្ឌិត ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ៖ «គ្រប់គម្រោងគាំទ្រពីដែគូអភិវឌ្ឍន៍ទាំងអស់ដើរតួនាទីស្នូល ក្នុងកំណែទម្រង់វិស័យអប់រំ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។

សូមបញ្ជាក់ថា គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិនេះត្រូវអនុវត្តរយៈពេល៦ឆ្នាំ ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលគម្រោងចូលជាធរមាន រហូតដល់ខែធ្នូ ឆ្នាំ២០២៨ ដោយផ្តល់ការគាំទ្រដល់វិទ្យាល័យគោលដៅចំនួន២៥៩សាលា។

សាលាទាំងនោះរួមមាន៖ វិទ្យាល័យធនធានចំនួន៥០, វិទ្យាល័យបណ្តាញចំនួន១០២, វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសចំនួន ៤ និងវិទ្យាល័យទូទៅ១០៣ ដែលត្រូវបានបំពាក់ឧបករណ៍ស្ទែម និងបច្ចេកវិទ្យាព័ត៌មាន និងទទួលបានការបណ្តុះបណ្តាល លើចំណេះដឹងគរុកោសល្យ និងវិធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍ ការបញ្ចូលបច្ចេកវិទ្យាទៅក្នុងការបង្រៀនមុខវិជ្ជាស្ទែម និងសហគមន៍សិក្សាវិជ្ជាជីវៈ៕ ដោយ៖ ជា សុខនី

ads banner