លោកស្រី យែម ណារី៖ ផលិតផលខ្មែរមានការគាំទ្រ ប៉ុន្តែបញ្ហាការវេចខ្ចប់ និងដឹកជញ្ជូននៅតែបង្កកង្វល់
កណ្តាល៖ នាប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាការគាំទ្រផលិតផលខ្មែរហាក់មានការគាំទ្រផុលផុសជាងមុន បូករួមជាមួយនឹងការយល់ដឹងផ្នែកសុខភាពរីកចម្រើន បានជំរុញឱ្យតម្រូវការផ្នែកបន្លែ ផ្លែឈើ គ្មានសារជាតិគីមី ឬបន្លែសុវត្ថិភាពមានការកើនឡើងខ្លាំងនៅកម្ពុជា។
លោកស្រី យ៉ែម ណារី ជាស្ថាបនិកហាង «សួនផ្កាផ្ទះបៃតង» ដែលជាហាងផ្គត់ផ្គង់ ឬដាក់លក់ផលិតផលខ្មែរស្ទើរតែ ១០០ភាគរយ ដែលនាំយកមកពីបណ្តារាជធានីខេត្ត ទាំង២៥ នៅកម្ពុជា បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននេះ មានការគាំទ្រច្រើនទៅលើកសិផលធម្មជាតិ ប៉ុន្តែកត្តាតម្លៃធ្វើឱ្យពួកគេអាក់ខានក្នុងការប្រើប្រាស់។
លោកស្រីណារី បន្តថាបញ្ហាធំគឺ តម្លៃផលិតផលរបស់យើងនៅថ្លៃនៅឡើយបើធៀបទៅនឹង តម្លៃផលិតផលនាំចូល ។ពោលគឺថ្លៃជាងច្រើនតែម្ដង ។អញ្ចឹងវាជាផ្នែកមួយដែលធ្វើឱ្យប្រជាពលរដ្ឋរបស់យើងអាក់ខានក្នុងការប្រើប្រាស់។
ជាមួយគ្នានេះដែរលោកស្រីក៏បានអំពាវនាវដល់អង្គភាព អង្គការ ឬដៃគូពាក់ព័ន្ធនានា ឱ្យជួយទៅលើផ្នែកកង្វះខាតមួយចំនួនដូចជា ការវេចខ្ចប់ ដឹកជញ្ជូន និងបច្ចេកទេសកសិកម្ម ដែលជាឧបសគ្គ និងបង្កើនថ្លៃដើមនៃផលិតផល។
បើតាមការលើកឡើងរបស់លោកស្រី យ៉ែម ណារី កត្តាទាំងនេះមិនត្រឹមតែជួយសម្រួលដល់ទិន្ឋផលកសិកម្មនោះទេ តែវាក៏អាចជំរុញនូវលទ្ធភាពផ្គត់ផ្គង់នៅក្នុងស្រុកពេញលេញ ហើយអាចនាំយកចេញទៅក្រៅប្រទេសបានទៀតផង ព្រោះសព្វថ្ងៃនេះយើងផ្គង់ផ្គង់ក្នុងស្រុកមិនទាន់ពេញលេញនៅឡើយ ពិសេសបើគិតទៅលើគុណភាព។
លោកស្រីបានបញ្ជាក់ថា ៖ «នេះជាសំណូមពរធំតែម្ដង ព្រោះខ្ញុំគិតថានៅក្នុងវិស័យនេះមិនមែនតែខ្ញុំទេដែលជួបបញ្ហានេះ តែបងប្អូនដែលគាត់ប្រកបរបរនេះប្រាកដជាជួបដូចគ្នាដែរ»។
ដោយឡែក ងាកទៅហាងដែលពោរពេញទៅដោយផលិតផលខ្មែរស្ទើរតែ ១០០ភាគរយនេះវិញ ស្ថាបនិករូបនេះបានឱ្យដឹងថាហាងសួនផ្កាផ្ទះបៃតង ជាអាជីវកម្មខ្នាតតូចមួយ ដែលពីដើមឡើយគឺយើងលក់តែផ្កា ដើមឈើ និងបន្តពង្រីកទៅជាហាងដែលមានលក់បន្លែបង្ការបន្ថែមដែលបានមកពីសហគមន៍ និងការលក់ផ្លែឈើ និយាយរួមគឺឱ្យតែជាផលិតផលខ្មែរ គឺអាចដាក់តាំងលក់នៅហាងមួយនេះបានហើយ។
លោកស្រី យ៉ែម ណារី បានរៀបរាប់ឱ្យដឹងពីដំណើរដើមទងនៃការបើកហាងលក់ផលិតផលខ្មែររបស់ខ្លួនថា៖ «ទាក់ទងនឹងការបើកហាងនេះ ខ្ញុំមិនមែនជាអ្នកជំនាញខាងកសិកម្មអីទេ តែធ្វើការងារផ្នែកទេសចរណ៍ ដោយនៅក្នុងនោះមានច្រើន និងផ្ដោតទៅលើផ្នែកកសិទេសចរណ៍ផងដែរ។ ណាមួយប្រវត្តិរបស់ខ្ញុំក៏វាពាក់ព័ន្ធទៅនឹងការដាំដុះកូនឈើ សម្រាប់ខ្ញុំផ្ទាល់ខ្ញុំក៏ចូលចិត្តដាំផ្កា ដាំនេះដាំនោះអញ្ចឹងទៅ ហើយពេលនោះយើងលក់លក្ខណៈគ្រួសារ ក្នុងបរិមាណតិចតួច ចែកគ្នាហូប ដល់ពេលក្រោយកូវីត១៩ បានខ្ញុំចាប់ផ្ដើមពង្រីកទៅជាហាង»។
បច្ចុប្បន្ន ហាងដែលមានទីតាំងនៅក្រុងតាខ្មៅនេះ មានផលិតផលខ្មែរស្ទើរគ្រប់ប្រភេទ មានដូចជា ប្រេងខ្យល់ ប្រេងក្រឡា ដែលជួយដល់ផ្នែកសុខភាព ជាផលិតផលរបស់កូនខ្មែរ និងជាផលិតផលមកពីសហគ្រាសនៅបាត់ដំបង។
លោកស្រីបន្តឱ្យដឹងថា ៖ «យើងក៏មានផលិតផលខ្មែរ ថែរក្សាសម្រស់ យើងមានក្រែមលាបមាត់ ប្រេងដូងបរិសុទ្ធ និងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងផលិតផលចំណីអាហារកែច្នៃ ដូចជាគ្រាប់ស្វាយចន្ទី ផ្លែឈើហូបផ្លែដែលយកមកពី ២៥ខេត្តក្រុងតែម្ដង គឺតាមរយៈបណ្ដាញផ្គត់ផ្គង់របស់យើង ហើយពួកគាត់ជាសហគមន៍ដែលមានស្នាដៃ និងគុណភាព»។
ម្ចាស់ហាង សួនផ្កាផ្ទះបៃតង បន្តថា សម្រាប់ផលិតផលបន្លែស្រស់ ភាគច្រើននាំយកមកពីសហគមន៍ ១នៅខេត្តកណ្ដាល និងមានការត្រួតពិនិត្យ គុណភាព សុវត្ថិភាព មុនពេលយកចូលហាង ចំណែកឯ អាហារក្រៀមដូចជា ត្រីងៀត សាច់គោងៀត ប្រហុក ផ្អក និងម៉ាំ លោកស្រីថាបាននាំយកពីខេត្តសៀមរាប ពោធិ៍សាត់ និងខេត្តបាត់ដំបង ហើយអ្វីដែលពិសេសទៀតនោះគឺផ្លែឈើដែលពេញនិយមគឺ ផ្លែមានខ្មែរ កោះស្នេហ៍ថែអត្តសញ្ញាណខ្មែរ។
ទាក់ទិននឹងការនាំយកផលិតផលទាំងនោះមកពីតាមបណ្តាលខេត្ត គឺមានក្រុមការងារ ប្រចាំខេត្តនីមួយៗត្រួតពិនិត្យ និងរៀបចំជូនមកផ្គត់ផ្គង់ឱ្យលោកស្រីតែម្តង។
លោកស្រី យ៉ែម ណារី បានបញ្ជាក់ថា ៖ «សម្រាប់បណ្ដាញរបស់យើង ដូចនៅខេត្តពោធិ៍សាត់ ទីស្នាក់ការរបស់យើងនៅទីនោះជាអ្នករៀបចំ ប្រមូលយកកសិផលពីពោធិ៍សាត់មក ផលិតផលនៅទីនោះយើងមានផ្អកឆ្ងាញ់ ដែលខាងនោះជាអ្នករៀបចំឱ្យ ចំណែកនៅខេត្តមណ្ឌលគិរី ខាងនោះគឺជាអ្នករៀបចំត្រួតពិនិត្យឱ្យហើយ មុនយកមកចែកចាយនៅទីស្នាក់ការកណ្ដាលដូចជាផលិតផលអង្ករ និងបន្លែមើមដូចជាការ៉ុត ឆៃថាវ ហូរហែអញ្ចឹងទៅ»៕ ស្រ៊ុន សិរីវឌ្ឍនៈ