ប្រេស៊ីល ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៃសុខភាពសត្វ ដោយសារការឆ្លងជំងឺផ្ដាសាយបក្សី
ប្រេស៊ីល៖ ក្រសួងកសិកម្មប្រេស៊ីលកាលពីថ្ងៃចន្ទ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៃសុខភាពសត្វរយៈពេល ១៨០ ថ្ងៃ (៦ ខែ) ដើម្បីឆ្លើយតបទៅនឹងការរកឃើញដំបូងនៃករណីវីរុសបង្កជំងឺផ្តាសាយបក្សី H5N1 នៅក្នុងសត្វព្រៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រសួងបានឱ្យដឹងផងដែរថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការអាសន្នមួយ ដើម្បីសម្របសម្រួលរៀ បចំផែនការ និងវាយតម្លៃសកម្មភាពជាតិទាក់ទងនឹងជំងឺគ្រុនផ្តាសាយបក្សី។
គួរបញ្ជាក់ថា ប្រេស៊ីល ដែលជាប្រទេសនាំចេញសាច់មាន់ដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២២ មកទល់ពេលនេះ បានរាយការណ៍ពីករណីនៃវីរុស H5N1 ចំនួន ៨ ករណីនៅក្នុងសត្វស្លាបព្រៃ ដោយក្នុងនោះមាន ៧ ករណីនៅរដ្ឋ Espirito Santo និង១ករណីនៅរដ្ឋ Rio de Janeiro។
ការឆ្លងវីរុស H5N1 នៅក្នុងបក្សីព្រៃមិនបង្កឱ្យមានការហាមឃាត់ពាណិជ្ជកម្មទេ ដោយផ្អែកលើគោលការណ៍ណែនាំរបស់អង្គការសុខភាពសត្វពិភពលោក (OIE)។ ទោះជាយ៉ាងណាក៏ដោយ ករណីជំងឺផ្តាសាយបក្សីនៅក្នុងកសិដ្ឋាន ជាធម្មតាអាចបណ្តាលឱ្យសត្វចិញ្ចឹមទាំងអស់ស្លាប់ ហើយបង្កឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មពីប្រទេសនាំចូល។
ដូច្នេះហើយ ទោះបីជារដ្ឋផលិតសាច់សំខាន់ៗរបស់ប្រេស៊ីលស្ថិតនៅភាគខាងត្បូងក៏ដោយ ក៏រដ្ឋាភិបាលមានការប្រុងប្រយ័ត្ននៅតំបន់ផ្សេងៗផងដែរបន្ទាប់ពីការរកឃើញនៃវីរុស H5N1 ខណៈនាពេលកន្លងមក ជំងឺគ្រុនផ្តាសាយបក្សីលើសត្វស្លាបព្រៃ ធ្លាប់បានឆ្លងបន្តគ្នាទៅលើសត្វចិញ្ចឹមបម្រើឱ្យការនាំចេញ នៅក្នុងប្រទេសមួយចំនួន។
ដាច់ដោយឡែកពីគ្នានេះ កាលពីចុងសប្តាហ៍កន្លងទៅ ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា ខ្លួនបានយកសំណាកនៃអ្នកសង្ស័យថាឆ្លងជំងឺគ្រុនផ្តាសាយបក្សី លើមនុស្ស ៣៣ នាក់ រស់នៅក្នុងរដ្ឋ Espirito Santo ដែលរាយការណ៍ពីករណីវីរុស H5N1ដំបូងគេកាលពីសប្ដាហ៍មុន ប៉ុន្តែលទ្ធផលចេញមកអវិជ្ជមានទាំងអស់៕ ដោយ៖ ហួន ឌីណា