រាជរដ្ឋាភិបាលកម្ពុជាក្រើនរំលឹកឱ្យប្រុងប្រយ័ត្នជាមួយនឹងមេរោគកូវីដ១៩ ដែលហាក់ដូចជាបានចាប់ផ្តើមរើឡើងវិញបន្តិច

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរ និងមន្ទីរសុខាភិបាលតាមបណ្តាខេត្តនានា នៅតែបន្តត្រៀមលក្ខណៈជាប់ជាប្រចាំលើការបង្ការ ការពារ និងទប់ស្កាត់ ក្នុងករណីមានការរីករាលដាលឡើងវិញនូវការឆ្លងមេរោគកូវីដ១៩ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យប្រុងប្រយ័ត្នជាមួយនឹងមេរោគកូវីដ១៩ដែលហាក់ដូចជាបានចាប់ផ្តើមរើឡើងវិញបន្តិច។

ថ្លែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាងពីរម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា មុនមានការផ្ទុះមេរោគកូវីដ១៩ នៅពេលដែលលោកចុះជួបកម្មករគឺមានការថតរូបសែលហ្វី (Selfie) ជាមួយគ្នា។ប៉ុន្តែយើងមិនបានថតសែលហ្វីទៀតទេ ដោយសារបារម្ភពីការឆ្លងមេរោគកូវីដដោយមិនដឹងថាពូអ្នកចម្លងទៅឱ្យក្មួយៗ ឬក្មួយៗចម្លងមកឱ្យពូ។ សម្តេចក្រឡាហោម ស ខេង ទើបតែជាសះស្បើយពីកូវីដ។ ដូចនេះ កូវីដបានចាប់ផ្តើមរើមៗឡើងវិញ ដែលយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ បានប្រាប់ឱ្យដឹងថា មន្ទីរសុខាភិបាលបានត្រៀមលក្ខណៈជានិច្ច ដើម្បីបង្ការការឆ្លង និងការរាលដាលឡើងវិញនូវមេរោគកូវីដ១៩ ដែលក្នុងនោះមានដូចជា ឱសថសម្រាប់ព្យាបាលជំងឺកូវីដ១៩, អគារសម្រាប់ព្យាបាល និងកន្លែធ្វើចត្តាឡីស័កជាដើម។

លោកមានប្រសាសន៍ថា ៖ «ជាមួយគ្នានេះដែរ យើងឃើញថា ប្រជាពលរដ្ឋនៅតែបន្តការចាក់វ៉ាក់សាំងដែលមានអ្នកចាក់រហូតដល់បានដូសទី៦ផងដែរ ហើយយើងក៏មិនទាន់មានគោលការចាក់ដល់ដូសទី៧ទៀតដែរ»។

ចំណែក លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ ក៏បានប្រាប់ឱ្យដឹងដែរថា រដ្ឋាភិបាលបានចេញនូវការណែនាំដល់រាជធានីខេត្តពីការបង្ការ និងប្រុងប្រយ័ត្នពីការឆ្លងមេរោគនេះ ដោយក្នុងនោះក៏បានណែនាំឱ្យប្រជាពលរដ្ឋដែលសង្ស័យថាមានជំងឺផ្ដាសាយ ឬក៏មានអាការៈសង្ស័យណាមួយ ត្រូវសម្រាកនៅផ្ទះ ឬក៏នៅមួយកន្លែង ដោយមិនត្រូវកុំចល័តចុះឡើងឡើយ។

លោកបានថ្លែងថា ៖ «អាជ្ញាខេត្តរបស់យើង បានធ្វើតាមណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញជាប់ជាប្រចាំ ហើយណាមួយប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យរបស់យើង គឺគាត់បានចាក់វ៉ាក់សាំងស្ទើរតែគ្រប់គ្នាទាំងអស់ យ៉ាងហោចណាស់ក៏បាន ៣ដូសដែរ។ ខេត្តរបស់យើងខ្ញុំត្រៀមលក្ខណៈជានិច្ច ប្រសិនជាមានហេតុការណ៍អីកើតឡើង យើងមានទីតាំងព្យាបាល និងសម្រាកសម្រាប់បងប្អូនរួចរាល់ហើយ»។

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី ២៣ ខែឧសភា បានឱ្យដឹងថា ក្រសួងបានរកឃើញមានករណីឆ្លងវីរុសកូវីដ១៩ ថ្មី ចំនួន ៣ នាក់បន្ថែមទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ប៉ុន្តែមិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ថ្មីទេ។

ក្រសួងសុខាភិបាលបានបន្តថា គិតត្រឹមថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧៤៤ នាក់ ករណីជាសះស្បើយសរុប ១៣៥ ៦៨០ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់៕ ដោយ៖ ទិត្យ រានុពិចិត្រ

ads banner