ស្ថាប័នចំនួនបួនគ្រោងដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក «បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ»
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការយូណេស្កូ និងអាជ្ញាធរខេត្តបាត់ដំបង បានរៀបចំឯកសារក្នុងការគ្រោងដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក «បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ»។
បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៣ថា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអង្គការយូណេស្កូ (UNESCO) និងអាជ្ញាធរក្រុងបាត់ដំបង បានបើកសិក្ខាសាលារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែឧសភា រៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក «បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ»។
សិក្ខាសាលានេះមានចូលរួមពីមន្រ្តីជំនាញក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, តំណាងអង្គការយូណេស្កូ (UNESCO), អាជ្ញាធរក្រុងបាត់ដំបង, ក្រុងកំពត, ក្រុងសៀមរាប, ក្រុងក្រចេះ, សង្គមស៊ីវិល វិស័យឯកជន និងរួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងដើម្បីប្រមូលផ្តុំយោបល់ និងពិគ្រោះជាមួយភាគីពាក់ព័ន្ធទាំងអស់លើឯកសាររបស់ក្រុងបាត់ដំបង និងដើម្បីប្រមូលធាតុចូលបន្ថែម និងពិនិត្យលើការវិវឌ្ឍថ្មី ដែលត្រូវបញ្ចូលទៅក្នុងឯកសារ។
មួយវិញទៀត ក៏ដើម្បីកែលម្អ និងបញ្ចប់ សម្រាប់បញ្ជូនឯកសារជាថ្មីមុនថ្ងៃទី៣០ ខែមិថុនា ខាងមុខ ហើយក៏ដើម្បីផ្សព្វផ្សាយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ទៅកាន់ទីក្រុងសក្តានុពលផ្សេងទៀតក្នុងប្រទេសកម្ពុជាផងដែរ។
លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធកំពុងរៀបចំឯកសារ គ្រោងនឹងដាក់បញ្ជូលទីក្រុងបាត់ដំបងជាសមាជិកបណ្ដាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ខណៈដែលមានខេត្តផ្សេងទៀតក៏កំពុងត្រៀមដែរ។
លោក ឆាយ ម៉ាទីណាល់ ខេត្តទាំងនោះរួមមាន៖ ខេត្តកំពត ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តបាត់ដំបង ប៉ុន្តែលោកថា ខេត្តបាត់ដំបង ជាចំណុចចាប់ផ្ដើមដំបូងគេ ដែលគ្រោងនឹងដាក់បញ្ជូលជាសមាជិក «បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ»។
លោកលើកឡើងដែរថា ការដាក់បញ្ជូលទីក្រុងបាត់ដំបងជាសមាជិក «បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ» មានសារៈសំខាន់ខ្លាំងណាស់ ចំពោះខេត្ត រួមនឹងប្រជាជនក្នុងខេត្តនេះ ព្រោះនេះជាការបង្ហាញឱ្យឃើញពីអត្តសញ្ញាណនៃទីក្រុងបាត់ដំបង ក៏ដូចជាការបង្ហាញនូវសមទ្ធិផលលើវិស័យនានាក្នុងខេត្តនេះទៅកាន់ពិភពលោកឱ្យបានស្គាល់ផងដែ ពិសេស ការបង្ហាញពីម្ហូបអាហារប្រចាំតំបន់ ដែលមានការពេញនិយមក្នុងខេត្ត និងក្រៅខេត្តជាដើម។
លោក ឆាយ ម៉ាទីណាល់ បានថ្លែងថា ៖ «វាមានសារៈសំខាន់ខ្លាំងចំពោះក្រុងបាត់ដំបង ដែលបង្ហាញឱ្យគេស្គាល់ពីអត្តសញ្ញាណនៃទីក្រុងបាត់ដំបង ស្គាល់ពីផលិតផលរបស់ក្រុង និងសមទ្ធិផលរបស់ខេត្ត ហើយក៏បង្ហាញឱ្យពិភពលោកស្គាល់ពីខេត្តបាត់ដំបងរបស់យើងនេះដែរ ជាពិសេសពាក់ព័ន្ធទៅនឹងម្ហូបអាហារប្រចាំតំបន់របស់អ្នកបាត់ដំបង»។
លោកបន្ថែមថា ក្រៅពីពិភពលោកបានស្គាល់ពីខេត្តបាត់ដំបងហើយ គោលដៅសំខាន់មួយទៀត គឺជាកន្លែងសម្រាប់ទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅលើទឹកដីខេត្តបាត់ដំបង ឬក៏មកធ្វើជំនួញផ្នែកពាណិជ្ជកម្មផ្សេងៗ។
សូមបញ្ជាក់ថា បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងទីក្រុងនានាដែលបានទទួលស្គាល់ភាពច្នៃប្រឌិតជាកត្តាយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ បានគ្របដណ្តប់លើវិស័យច្នៃប្រឌិតចំនួនប្រាំពីររួមមាន៖ សិប្បកម្ម និងសិល្បៈប្រជាប្រិយ, ការរចនា, ភាពយន្ត, អាហាររូបវិទ្យា, អក្សរសាស្ត្រ, សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី ៕ ដោយ៖ ជា សុខនី