ឯកឧត្តម សាយ សំអាល់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងមន្រ្តីរាជការ ផ្ញើសារលិខិតជូនពរសម្តេចហេង សំរិន ក្នុងឱកាសខួបកំណើត ជន្មាយុ គម្រប់ ៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បានផ្ញើសារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចកកម្ពុជា ក្នុងឱកាសខួបកំណើត ជន្មាយុគម្រប់៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោម ៖

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង បរិស្ថាន សូមសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរព ជូននូវសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល ជូនចំពោះ សម្តេច អគ្គមហា ពញាចក្រី ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់៨៩ ឈានចូល ៩០ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខនេះ សូមទទួល បាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភា ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នាចងចាំ ជានិច្ចចំពោះ គុណូបការៈដ៏ធំធេង ដែល សម្ដេច អគ្គមហាពញាចក្រី បានខិតខំប្រឹង ប្រែង យកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ក្នុងការពុះពាររាល់ឧបសគ្គ ដើម្បី បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និង ការអភិវឌ្ឍប្រទេសជាតិឱ្យ កាន់តែរីក ចម្រើនជឿនលឿនឥតឈប់ឈរលើគ្រប់វិស័យ ដែលធ្វើឱ្យព្រះរាជាណាចក្រ កម្ពុជា មានភាពសម្បូរសប្បាយ និងទទួលបាននូវកិត្តិសព្ទល្បីល្បាញ ទាំងក្នុងតំបន់ និងពិភពលោក។

ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចអគ្គមហា- ពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចកកម្ពុជា មេត្ត ទទួលនូវសេចក្ដីគោរពដ៏ជ្រាលជ្រៅ និងភក្ដីភាពដ៏ស្មោះស្ម័គ្រ បំផុតពីយើងខ្ញុំទាំងអស់គ្នា ៕ ដោយ ៖គ្រី សម្បត្តិ
