សម្តេចតេជោសែនព្រមានមន្ត្រីបរទេសដែលលូកចូលកិច្ចការផ្ទៃក្នុងកម្ពុជា (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានព្រមានមន្ត្រីបរទេស ដែលបានធ្វើកិច្ចការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលសម្តេចបានចាត់ទុកថាមិនអាចនឹងទទួលយកបានឡើយ។
កម្ពុជាធ្លាប់មានប្រវត្តិជូរចត់ពីអតីតកាលដោយសារតែមានការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់បរទេស។ កម្ពុជាពេលនោះ បានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលកាប់សម្លាប់, ភាពបែកបាក់វិនាស ព្រាត់ប្រាស់ក្នុងក្រុមគ្រួសារ, ការនាំប្រទេសធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម, ការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិរយៈពេល១១ឆ្នាំមកលើកម្ពុជាដែលវិនាសកម្ម ដោយសារការជ្រៀតជ្រែកពីបរទេសនោះហើយ បានក្លាយជាមេរៀនប្រវត្តិសាស្ត្រដែលកម្ពុជា គប្បីត្រូវចៀសវាង។
កម្ពុជាដែលបានព្យាយាមរកសន្តិភាពដោយលំបាកតាមរយៈនយោបាយ ឈ្នះឈ្នះ និងទទួលបានសន្តិភាពពេញលេញប្រមាណជាង២០ឆ្នាំមកនេះ ត្រូវគេឃើញថា មានអំពើជ្រៀតជ្រែកសាជាថ្មីពីសំណាក់បរទេស ក្រោមលេសចោទប្រកាន់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធជាផ្លូវការ នៃអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣ បានថ្លែងព្រមានដល់មន្ត្រីបរទេសទាំងឡាយណា ដែលបន្តកិច្ចការជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា។
ប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជាបានបង្ហាញថា អំពើជ្រៀតជ្រែកបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាវេលាកន្លងមកនេះ តាមរយៈចលនាបដិវត្តពណ៌ ត្រូវបានអាជ្ញាធរបំបែកឧបាយកលទាន់ពេលវេលា។
មេខ្លោងឈ្មោះ កឹម សុខា បានសារភាពដោយខ្លួនឯង តាមរយៈសម្តីដែលថ្លែងប្រាប់អ្នកចូលរួមក្នុងប្រទេសអូស្ត្រាលី នូវគំរោងរៀបចំរបស់បរទេសក្នុងការចង់ផ្លាស់ប្តូររបបដឹកនាំប្រទេសតាមលំនាំបដិវត្តពណ៌ដែលធ្លាប់ផ្តួលរំលំរដ្ឋាភិបាល នៃអតីតប្រទេសយូហ្គោស្លាវី។
លោក កឹម សុខា ត្រូវតុលាការបានប្រកាសសាលក្រមកាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២៣ ផ្ទន្ទាទោសដាក់គុករយៈពេល២៧ឆ្នាំ ប៉ុន្តែបានអនុញ្ញាតឱ្យរស់នៅក្នុងផ្ទះ ដោយមិនបញ្ជូនទៅកាន់ពន្ធនាគារឡើយ។