សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

សកម្មជនសំខាន់របស់គណបក្សភ្លើងទៀន បាននាំគ្នាមកចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជាបន្តថែមទៀតនៅមុនការបោះឆ្នោតសកលខែកក្កដា។

ក្នុងសប្តាហ៍នេះ ការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជារួមមាន បេក្ខជនតំណាងរាស្ត្រគណបក្សភ្លើងទៀនក្នុងខេត្តកំពង់ចាម លោក សេង សារិទ្ធ។ បេក្ខជន តំណាងរាស្ត្រលំដាប់ទី៧រូបនេះ គឺជាអតីតអ្នកធ្វើនយោបាយប្រឆាំងក្នុងគណបក្សនានា តាំងពីឆ្នាំ១៩៩៣ និងចុងក្រោយ បានចូលមកក្នុងគណបក្សភ្លើងទៀនវិញ។

ក្នុងវីដេអូបញ្ជាក់ការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា បេក្ខជនតំណាងរាស្ត្ររបស់គណបក្សភ្លើងទៀនរូបនេះ បានសារភាពថាក្រុមធ្វើនយោបាយប្រឆាំងមានគោលជំហរដឹកនាំប្រទេសច្បាស់លាស់ និងល្អឡើយ ប៉ុន្តែមានតែបង្កភាពវឹកវរក្នុងសង្គមតែប៉ុណ្ណោះ។

ក្នុងសប្តាហ៍នេះដែរ, សមាជិកក្រុមការងារថ្នាក់ជាតិ នៃអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តសៀមរាបឈ្មោះ គឹម សង្វារ បានធ្វើវីដេអូមួយស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ អតីតសកម្មជនរូបនេះ បានសារភាពថាគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជាពិតប្រាកដមែន។

ការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាពីបណ្តាអ្នកសកម្មជន ដែលធ្លាប់តែចាញ់បោកល្បិចរបស់ក្រុមប្រឆាំង ត្រូវគេឃើញថាមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៣នេះ។

ads banner