ឯកឧត្តម ប្រាក់ សុខុន ចូលរួមសម្ពោធលេខាធិការដ្ឋានអាស៊ានថ្មី នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីសម្ពោធលេខាធិការដ្ឋានអាស៊ានថ្មី នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការអញ្ជើញចូលរួមពី   បណ្តារដ្ឋមន្រ្តីការបរទេស និងអ្នកតំណាងនៃប្រទេសសមាជិកអាស៊ានផ្សេងទៀត នៅពីថ្ងៃទី ០៨ ខែសីហា

កម្មវិធីសម្ពោធលេខាធិការដ្ឋានអាស៊ានថ្មីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់    ឯកឧត្តម Joko WIDODO ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី ដោយមានបណ្តាអង្គទូតនៃប្រទេសដៃគូអាស៊ាន និងអង្គទូតប្រទេសនានាជាច្រើនប្រចាំប្រទេសឥណ្ឌូនេស៊ី ចូលរួម។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញចូលរួមកម្មវិធីខួបលើកទី៥២ នៃការបង្កើតអាស៊ានផងដែរ។  ក្នុងកម្មវិធីនេះ ក៏មានការរៀបចំតម្កល់ទុកប្រអប់ពេលវេលា (Time Capsule) ដើម្បីរក្សាទុកនូវសារលិខិតពីទស្សនវិស័យរបស់បណ្តាថ្នាក់ដឹកនាំអាស៊ានទាំង១០ ប្រទេស សម្រាប់រយៈពេល ២៥ឆ្នាំទៅមុខ ដែលឆ្លុះបញ្ចាំងពីក្តីសង្ឃឹម និងការរំពឹងទុកនាពេលអនាគត  ជុំវិញវឌ្ឍនភាពនៃសហគមន៍អាស៊ាន ក៏ដូចជាទិសដៅអនាគត ដែលថ្នាក់ដឹកនាំអាស៊ានជំនាន់នេះ បានខិតខំនិងរំពឹងទុក  ដើម្បីភាពសុខដុមរមនា និងវិបុលភាពនៃប្រជាជនអាស៊ាន សម្រាប់ជំនាន់     ក្រោយៗតទៅមុខ។ សារលិខិតថ្នាក់ដឹកនាំអាស៊ាន ដែលរក្សាទុកក្នុងប្រអប់សុវត្ថិភាពពេលវេលានោះ នឹងត្រូវលាតត្រដាងនៅឆ្នាំ២០៤២ ក្នុងពេលដែលសហគមន៍អាស៊ាន មានអាយុកាលគ្រប់៧៥ ឆ្នាំ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជូនវត្ថុអនុស្សាវរីយ៍ ដល់ឯកឧត្តម               អគ្គលេខាធិការអាស៊ាន ដើម្បីដាក់តម្តល់ទុកនៅលេខាធិការដ្ឋានអាស៊ានផងដែរ។ 

        អគារថ្មីនៃលេខាធិការដ្ឋានអាស៊ាន ដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅពេលនេះ ត្រូវបានចាប់ផ្តើម សាងសង់កាលពីខែមករា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងខែធ្នូឆ្នាំ២០១៨ ដោយចំណាយថវិកាអស់៤២.៥លានដុល្លារសហរដ្ឋអាមេរិក ។ ជាមួយនឹងទំហំធំជាងមុន មានការបំពាក់គ្រឿងបរិក្ខារគ្រប់គ្រាន់ ទំនើបទាន់សម័យ មានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ នឹងជាមូលដ្ឋានបម្រើឲ្យដំណើរការអាស៊ាន   រួមទាំងការរៀបចំកិច្ចប្រជុំពាក់ព័ន្ធអាស៊ានផងដែរ ។ នេះជាការបង្ហាញយ៉ាងច្បាស់នូវការផ្លាស់ប្តូរមុខមាត់ថ្មីរបស់សហគមន៍អាស៊ានទាំងមូល និងការពង្រឹងសមត្ថភាពរបស់លេខាធិការដ្ឋាន អាស៊ាន ឲ្យសមស្របទៅនឹងការរីកចម្រើនរបស់អាស៊ាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner